(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងអំពាវនាវឲ្យយុវជនទាំងអស់ ចូលរួមឲ្យសកម្មក្នុងកិច្ចការមនុស្សធម៌ និងកាកបាទក្រហមកម្ពុជា ហើយចូលរួមទាំងអស់គ្នា សាមគ្គីគ្នាដើម្បីកសាងកម្ពុជាឲ្យបានរុងរឿង។
ការអំពាវនាវនេះ លោកបានលើកឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ នៅក្នុងឱកាសដែលលោកអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធាន «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនណាម្នាក់ចោល» ហើយនេះក៏ជាខួបលើកទី៦៣ឆ្នាំ នៃការបង្កើតកាកបាទក្រហមកម្ពុជាផងដែរ ។
លោក ហ៊ុន ម៉ានី បានថ្លែងក្នុងឱកាសនោះថា កាកបាទក្រហមកម្ពុជាត្រូវការចាំបាច់ពីបងប្អូនជាសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាដល់ការសង្គ្រោះបន្ទាន់នានាតាមតម្រូវការចាំបាច់ ដែលប្រជាពលរដ្ឋរងគ្រោះ មានដូចជា គ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងនោះក៏ត្រៀមជាស្រេចសម្រាប់ជនងាយរងគ្រោះផងដែរ ហើយតាមរយះកាកបាទក្រហមកម្ពុជាដែលដឹកនាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធានកន្លងមក តែងបានផ្តល់ជូនជនរងគ្រោះ ដោយគ្រោះធម្មជាតិ ស្ត្រីមេម៉ាយមានជីវភាពទីទាល់ក្រ កុមារកំព្រា ជនខ្វះលទ្ធភាពជាច្រើនមកពីគ្រប់មជ្ឈដ្ឋាន ដោយមិនដែលទុកនណាម្នាក់ចោលឡើយ ។
លោកតំណាងរាស្ត្ររូបនេះបានបន្ថែមថា ដោយស្ថានភាពពិភពលោកនាពេលបច្ចុប្បន្នកំពុងតែជួបប្រទះនូវការប្រែប្រួលអាកាសធាតុ ខ្យល់កន្ទ្រាក់ ទឹកជំនន់ រាំងស្ងួត អគ្គីភ័យ និងជាពិសេសការគ្រោះថ្នាក់ចរាចរ ហើយកម្ពុជាយើងក៏ទទួលឥទ្ធិពលនេះដែរ ដែលទាមទាយ៉ាងចាំបាច់ជំនួយឧបត្ថម្ភ ពីរាជរដ្ឋាភិបាល អង្គការមនុស្សធម៍ និងសប្បុរសជន ជាពិសេសគឺកាកបាទក្រហមផ្ទាល់នេះតែម្តង ដោយឈរលើគោលការណ៏គ្រិះទាំង៧ចំណុច របស់ចលនា មិនប្រកាន់ជាតិ សាសន៏ ពណ៏សប្បុរ និងនិន្នាការនយោបាយឡើយ។ ហើយនៅថ្ងៃនេះដែរលោកតំណាងរាស្ត្ររូបនេះក៏បានអំពាវនាវឲ្យយុវជនចូលរួមឲ្យបានចំពោះការងារមនុស្សធម៍ និងនាំគ្នាចូលកាត់បន្ថយគ្រោះថ្នាក់ចរាចរដោយផ្តើមចេញពីយើងទាំងអស់គ្នា ។
ជាការឆ្លើយតបនឹងការអំពាវនាវនេះដែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ក្រុមអាជីវករ និងសិស្សានុសិស្ស បានចូលរួមឧបត្ថម្ភសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺនេះបានទឹកប្រាក់សរុបប្រមាណជាង១៥ម៉ឺនដុល្លាផងដែរ៕