(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើង នៅក្នុងទស្សវត្សរ៍ឆ្នាំ២០០០ ប្រជាជនកម្ពុជាមានចំណូលទាបប្រមាណ២០០ដុល្លារ ហើយនៅឆ្នាំ២០១៧ បានកើនជិត១៥០០ដុល្លារ ជាពិសេសបានឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីណែនាំពីគោលការណ៍រៀបចំ ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី មកពីតំណាងក្រសួង ស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូរអភិវឌ្ឍន៍ជាតិ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធជាច្រើនចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ចំពោះផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល កម្ពុជាដែលសម្រេចបាន ហើយមោទនភាពខ្ពស់មួយចំនួន ដែលត្រូវបានទទួលស្គាល់ជាសកលនោះគឺ៖ ប្រជាជនកម្ពុជា បានរស់នៅក្នុងសន្តិភាព ពេញលេញ គ្មានការភ័យខ្លាច, ជាប្រទេសដែលត្រូវបានគេមកជួយដោះស្រាយ ទំនាស់ផ្ទៃក្នុងពេលនេះបាន បញ្ជូនមនុស្សមន្រ្តីរបស់កម្ពុជា ទៅជួយបណ្តាប្រទេសមួយចំនួនវិញ និងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំធំៗ ជាច្រើនដែលមានមេដឹកនាំប្រទេសមហាអំណាចទាំងអស់ លើសកលលោកមកចូលរួម, ជាប្រទេសដែលខ្វះស្បៀងអាហារទៅជាប្រទេសនាំស្បៀងទៅផ្តត់ផ្គង់ទីផ្សារ ក្រៅប្រទេស, ជាប្រទេសដែលមានការ ភ័យខ្លាចទៅជាប្រទេសដែលកំពុងទាក់ទាញ បានទេសចរណ៍ ដ៏ច្រើនមកទស្សនាស្នាក់នៅ និងអាចដើរហើគ្រប់ទីកន្លែង និងគ្រប់ពេលវេលា, ជាប្រទេសដែលប្រជាជនរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រក្នុងរង្វង់៥០% នៅក្នុងឆ្នាំ២០០៧ ធ្លាក់មកទាបជាង១៣,៥% នៅក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះជាបន្តទៀត។
ទេសរដ្ឋមន្ត្រី បានបន្តថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ គឺជាឯកសារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល កម្ពុជាដែលនឹងបង្ហាញជាលម្អិតនូវសកម្មភាព កម្មវិធី និងគម្រោងសំខាន់ៗ ដែលនឹងត្រូវអនុវត្ដដោយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅធ្វើ ឱ្យបានសម្រេចនូវបណ្ដាគោលដៅ អាទិភាពរបស់ជាតិដូចមានចែងនៅក្នុងយុទ្ធសាស្ដ្រចតុកោណ ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនេះ គឺត្រូវបានតាក់តែងឡើង និងអនុម័តដោយផ្អែកលើការវាយតម្លៃលទ្ធផលការងារដែលបានអនុវត្ដ ក្នុងនីតិកាលទី៥ ដោយផ្អែកលើឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងផ្អែកលើបរិការណ៍ជាតិ និងអន្ដរជាតិ មកធ្វើអាទិភាវូបនីយកម្ម នូវបណ្ដាអាទិភាព ដែលត្រូវបានដាក់ចេញមក ហើយរៀបចំលម្អិត សម្រិតសម្រាំង សម្រួចបន្ថែមសំដៅរំលេចឱ្យចេញជារបៀបវារៈគោលនយោ បាយសង្គម សេដ្ឋកិច្ចរបស់កម្មវិធីនយោបាយនេះ និងឱ្យចេញជាកញ្ចប់អាទិភាពនៅតាមបណ្ដាវិស័យសំខាន់ៗនានា ដែលមានលក្ខណៈជាប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និងយោងគ្នាទៅវិញទៅមក សម្រាប់ជាមូលដ្ឋានឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យរួមរបស់ជាតិ។
ដូច្នេះ របៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ចនេះ គឺជាបេសកកម្ម និងការប្ដេជ្ញាចិត្ដយ៉ាងហ៊ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសកម្មភាព កែទម្រង់ដើម្បីពង្រឹង គុណភាពអភិបាលកិច្ច និងទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ដែលជាកត្ដាដ៏ចាំបាច់បំផុតសម្រាប់ធានាចីរភាព នៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ផ.យ.អ.ជ គឺជាឧបករណ៍មួយដ៏សំខាន់សម្រាប់អនុវត្ដគោលនយោបាយអាទិភាពទាំងឡាយ សំដៅឈានទៅសម្រេចបាននូវបណ្ដាគោលដៅ និងចំណុចដៅ អាទិភាពរបស់ជាតិ ហើយការអនុវត្ដប្រកបដោយជោគជ័យនូវ ផ.យ.អ.ជ. ២០១៩-២០២៣ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងរួមចំណែក យ៉ាងច្រើននៅក្នុងការធ្វើឱ្យសម្រេចបាននូវបណ្ដាគោលដៅអាទិភាពរបស់ជាតិដូចបានកំណត់នៅក្នុងកម្មវិធី នយោបាយដំណាក់កាលថ្មី៕