(កណ្តាល)៖ លោកស្រី ម៉ាណ ណាវី ជំនួយការលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អមដោយសមាជិក សមាជិកា សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាខ្មែរឥស្លាម ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ពិធីនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ក៏បានផ្តល់ជូនកាដូរលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស ដែលទទួលជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងរកសិស្សឆ្នើម ទូទាំងឃុំកំពង់លួង ក្នុងនោះដែរ ក៏មានកាដូរផ្តល់ជូនស្មើគ្នា ដល់សិស្សានុសិស្សរបស់សាលាបឋមសិក្សាខាងលើ ចំនួន២០០នាក់ផងដែរ។
លោកស្រី ម៉ាណ ណាវី ផ្តាំផ្ញើទៅកាន់ប្អូនៗដែលទទួលជ័យលាភី ត្រូវបន្តរក្សា និងបង្កើនសមត្ថភាពរបស់ខ្លួនឲ្យកាន់ខ្លាំងក្លាឡើង ហើយប្អូនៗ ដែលមិនបានទទួលជ័យលាភី ក៏មិនត្រូវរាថយជាមួយនឹងការសិក្សាមួយនេះទេ តែផ្ទុយទៅវិញ ប្អូនៗនៅមានឱកាសខំប្រឹងឡើង ព្រោះអនាគតនៅវែងឆ្ងាយទៀត។
លោកស្រីបញ្ជាក់ថា វិស័យអប់រំជាវិស័យចម្បង ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកជាវិស័យអទ្ធិភាព និងកំពុងយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ តាំងពីប្រាក់បៀវត្ស៍គ្រូ ការលើកកម្ពស់កម្រិតស្តង់ដារសិក្សា និងការបង្ខិតសាលារៀន និងគ្រឹះស្ថានសិក្សាឲ្យកាន់តែមានវត្តមាន នៅជិតយុវសិស្សទូទាំងប្រទេស៕