(ភ្នំពេញ)៖ លោក កែវ ពុទ្ធរស្មី អតីតឧបនាយរដ្ឋមន្ដ្រី និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០១៨ «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន បន្ទាប់ពីរូបលោកបានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះបានឲ្យដឹងថា ពិធីប្រគល់គ្រឿងឥស្សរិយយសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។
បើតាមប្រភពដដែលនេះបន្ទាប់ពីទទួលបានគ្រឿងឥស្សរិយយសនេះហើយ លោក កែវ ពុទ្ធរស្មី ក៏បានរាជានុញ្ញាតឲ្យចូលគាល់ព្រះចៅអធិរាជជប៉ុន នៅឯព្រះបរមរាជវាំងប្រទេសជប៉ុនផងដែរ។
ស្ថានទូតជប៉ុនបានអះអាងថា លោក កែវ ពុទ្ធរស្មី ស្ថិតក្នុងចំណោមជនបរទេសចំនួន ១៤០រូបដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០១៨ ដើម្បីទទួលស្គាល់ការរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ និងទំនាក់ទំនងជាមិត្ដភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៨៦ ពេលដែលលោក កែវ ពុទ្ធរស្មី បានចូលរួមក្នុងក្រុមអ្នកតស៊ូជាតិកម្ពុជាដឹកនាំដោយព្រះអង្គម្ចាស់ នរោត្ដម សីហនុ។ នៅពេលនោះ លោកបានរួមចំណែកលើកតម្កើងទំនាក់ទំនងទេ្វភាគីរវាងប្រទេសជប៉ុន និងកម្ពុជាតាំងពីការចាប់ផ្ដើមដំបូង នៃការចរចាសន្ដិភាពនៅកម្ពុជាឆ្ពោះទៅកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយនូវជម្លោះនៃប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ៕