(ភ្នំពេញ)៖ លោកនាយក លោកគ្រូ អ្នកគ្រូ បង្រៀននៅអនុវិទ្យាល័យ ហ៊ុន សែន ចំរើនជាតិ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលថវិកា ដើម្បីក្រាលជាការ៉ូឡា ក្នុងការកែលម្អរទីធ្លា ក្នុងបរិវេណសាលាឲ្យមានសោភ័ណ្ឌភាព ក្នុងវិស័យអប់រំ ពីសប្បុរសជននានា តាមរយះលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន និងអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ តំណាងឲ្យលោក ជា ពិសី អភិបាលខណ្ឌ។
លោកស្រី អាន ផល្លា បានជម្រុញដល់លោកនាយក លោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យ ហ៊ុន សែន ចំរើនជាតិ ឲ្យអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ឱ្យបានកាន់តែល្អ និងមានគុណភាព សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យកុមារក្លាយ ជាអ្នកបន្តវេណ អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ហើយការគៀងគរនាំយកថវិកាមកឧបត្ថម្ភជូន ក្នុងពេលនេះ ដើម្បីក្រាលជាការ៉ូឡាក្នុងបរិវេណសាលា គឺមានការចូលរួមចំណែក ពីសប្បុរសជននានាឧបត្ថម្ភរួមមាន៖ លោកស្រី សុខ ហ៊ុយ លោកស្រី លឹម ម៉ី លោកស្រី លាង ចាន់នី អ្នកឧកញ៉ា សៀ ឡាង និងលោកស្រី លោកស្រី សុខ ដេម៉ា ផងដែរ។
លើសពីនេះ លោកស្រីប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានជម្រុញថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាខ្ពស់ ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវិស័យផ្សេងៗទៀត និងស្នើរសូមឲ្យលោកគ្រូ អ្នកគ្រូ ត្រូវចេះអប់រំណែនាំ និងធ្វើគម្រូល្អដល់ក្មេងៗជំនាន់ក្រោយចូលរួមគោរពច្បាប់ចរាចរណ៍ និងនៅឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីការពារនូវអាយុជីវិតយើងទាំងអស់គ្នា៕