(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលជាអតីតតំបន់សមរភូមិសក្តៅចុងក្រោយ គ្របដណ្តប់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បច្ចុប្បន្ននេះ មានជីវភាពធូរធា ដោយសារដីក្រាលដោយគ្រាប់មីន បានឱ្យប្រែក្លាយជាដីមាស (ដីសម្រាប់បង្កបង្កើនផល) ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោក អ៊ុង សារ៉ួន ជាមេភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានថ្លែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោករួមជាមួយពលរដ្ឋផ្សេងទៀត ចូលរួមពិធីបើក សន្និបាតជាតិវិស័យបច្ចេកទេសមីន ឆ្ពោះទៅរកកម្ពុជា ដែលគ្មានមីនឆ្នាំ២០២៥ និងបាននាំយកនូវដំណាំកសិផលរបស់ខ្លួន ដែលបានបង្កបង្កើនផលលើផ្ទៃដីដែលធ្លាប់តែក្រាលដោយគ្រាប់មីន មកតាំងបង្ហាញ នៅវិមានសន្តិភាព។
លោក អ៊ុង សារ៉ួន បានបន្តថា បន្ទាប់ពីមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាពិសេស សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យតំបន់គ្របដណ្តប់ដោយគ្រាប់មីន តែងតែធ្វើឱ្យប្រជាពល រស់នៅមានភាពភ័យខ្លាច និងប្រថុយប្រថានក្នុងការប្រកបរបរបង្កបង្កើនផល រួមទាំងការធ្វើដំណើរទៅកន្លែងផ្សេង ទៀតផងដែរ។ មិនតែប៉ុណ្ណោះលោកបានបន្តថា កាលពីមុនមិនទាន់មានអង្គការ CMAK និងអង្គការហេឡូត្រាស់ បានចូលទៅដោះគ្រាប់មីន បពលរដ្ឋនៅក្នុងតំបន់ម៉ាឡៃ តែងតែទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់មីន បណ្តលឱ្យពិកាដៃជើង ជាហូរហែលក៏ប៉ុន្តែបច្ចុប្បន្ននេះ ករណីរងគ្រោះដោយសារគ្រាប់មីន ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង។
ជាមួយគ្នានេះ លោក រស់ រ៉ាដូ មានទីលំនៅស្ថិតភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានថ្លែងថា ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលពោរពេញដោយគ្រាប់មីន បានទទួលផលដ៏ល្អ និងមានជីវភាពធូធារ បន្ទាប់ពីការរំដោះដី ដែលសម្បូរគ្រាប់មីន ឱ្យប្រែក្លាយជាដីមាស សម្រាប់ការបង្កបង្កើនផលកសិកម្ម ជាពិសេសបានកាត់បន្ថយអត្រានៃជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីនផងដែរ។
លោក រស់ រ៉ាដូ បានបន្តថា ទាំងនេះហើយបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីនកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយអត្រាជនពិកាដោយសារកាកសំណល់សង្គ្រាម ដែលបានបំផ្លិចបំផ្លាញជីវិតរបស់មនុស្សជារៀងរាល់ថ្ងៃ នៅតាមតំបន់មួយចំនួនជាពិសេសតំបន់អតីតសមរភូមិចុងក្រោយជាប់ព្រំដែនកម្ពុជា-ថៃ នេះតែម្តង។
លោក រស់ រ៉ាដូ បានបញ្ជាក់ថា បើគ្មានគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោទេ ម្លោះហើយប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ប្រហែលមិនអាចរស់រានមានជីវិតបានទេ ដោយសារសង្គ្រាមបង្ហូរឈាមខ្មែរ និងខ្មែរនៅតែបន្តជាពិសេសគឺការអត់ឃ្លានដោយសារ តែគ្មានដីសម្រាប់បង្កបង្កើន និងស្លាប់ដោយសារគ្រាប់យុទ្ធភ័ណ្ឌ ដែលបន្សល់កាលពីសម័យសង្គ្រាម។ ទទឹមនឹងនេះលោករួមជាមួយពលរដ្ឋផ្សេងទៀតបន្តប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាកយរដ្ឋមន្ត្រី នាអាណត្តិក្រោយៗទៀត៕