(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរ និងមន្រ្តីជំនាញចុះទៅរុះរើសំណង់ខុសច្បាប់ របស់អតីតអភិបាលរងខេត្តព្រះវិហារ លោក មាស សាវឿន ជាលើកទី៤ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ។
យុទ្ធនាការនេះដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវតំណាងលោក ជា ពិសី អភិបាលខណ្ឌ ដោយបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះជាច្រើននាក់ ចុះអនុវត្តភ្លាមៗ ក្នុងការរុះរើវាយកម្ទេចសំណង់ឈើយាមចាំដីរបស់លោក មាស សាវឿន ដើម្បីដកហូតយកមករក្សាទុក ដែលបានជួលមនុស្សឲ្យសង់រំលោភលើដីប្រជាពលរដ្ឋក្បែរខាង ជាលើកទី៤ហើយ បើទោះបីជាមានការរារាំងយ៉ាងក៏ដោយ។
គួររំឭកផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ (នគរបាល អាវុធហត្ថ ប្រជាការពារ និងមន្រ្តីមូលដ្ឋាន) ជាង២០០នាក់ ដោយយកគ្រឿងចក្រចុះទៅវាយកម្ទេចចោល របងថ្មដ៏រឹងមាំរបស់អតីតអភិបាលរងខេត្តព្រះវិហារ ដែលសង់រំលោភទៅលើដីរបស់ ប្រជាពលរដ្ឋនៅក្បែរខាង។
លោក មាស សាវឿន បានរងនូវការចោទប្រកាន់ថា បានរំលោភយកដីរបស់ស្រ្តីម្នាក់ឈ្មោះ លឹម វណ្ណា មួយកន្លែងដោយធ្វើរោងយាមចាំដី ចាក់បំពេញអាចម៍ដីបន្ថែម និងសាងសង់របងថ្មរឹងមាំទាំងថ្ងៃ ទាំងយប់ បើទោះបីស្ត្រីវ័យចំណាស់រូបនេះ មានលិខិតកាន់កាប់ស្របច្បាប់ត្រឹមត្រូវជាយូរឆ្នាំមកហើយ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ក៏ដោយនោះ។
កាលពីពេលកន្លងទៅនេះ អាជ្ញាធរខណ្ឌឬស្សីកែវ ធ្លាប់បានទុកពេល១ខែ ជូនលោក មាស សាវឿន និងបក្ខពួកយាមចាំដីប្រមាណជិត១០នាក់ ដែលប្រដាប់ដោយកាំបិទ ពូថៅរបស់ក្រុមគ្រួសារស្ត្រីឈ្មោះ ថាច់ ស៉ីសាម៉ា ដើម្បីឲ្យវាយកម្ទេចរបងថ្មីរបស់ខ្លួន ដែលសង់រំលោភនោះចេញ ប៉ុន្តែឆ្លងផុតទៅមួយខែ នៅតែមិនទាន់អនុវត្តទៀត រហូតកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ក្រោមការសម្របសម្រួលពីតំណាង អយ្យការចុះមកអនុវត្តផ្ទាល់តែម្តង។
អ្នកស្រី លឹម វណ្ណា បានអះអាងថា ដីទំនាស់នេះ មានទំហំ ១២០០០ម៉ែត្រការ៉េ គាត់បានទិញដោយស្របច្បាប់ ពីលោក លឹម អាន ចំនួនក្បាលដី៦០ម៉ែត្រ មានជម្រៅ២០០ម៉ែត្រ នៅក្នុងឆ្នាំ១៩៩៩មកម្ល៉េះ និងមានទាំងឯកសារពីអាជ្ញាធរភូមិ សង្កាត់ ខណ្ឌដឹងឮ និងទទួលស្គាល់ត្រឹមត្រូវ ជាពិសេសលោក មាស សាវឿន ដែលធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគាររឿងដីធ្លី បានលក់ដីរបស់ខ្លួនអស់ទៅហើយ ចំនួន១២៥ម៉ែត្រ និងជម្រៅ២០០ម៉ែត្រ ដែលនៅខាងកើតជាប់ក្បាលដីរបស់ឈ្មោះ លឹម អាន ជាពិសេសលោក មាស សាវឿន បានផ្ដិតមេដៃទទួលស្គាល់ព្រុំដីនៅចំពោះមុខមេភូមិ និងអនុប្រធានភូមិ ក្នុងឆ្នាំ២០០០មក ស្រាប់តែប្តឹងចោទឈ្មោះ លឹ ម អាន ថាលួចយកដីលក់ ដើម្បីដណ្ដើម ដីរបស់គាត់ ដែលទិញដោយស្របច្បាប់ ទើបមានការប្ដឹងផ្ដល់គ្នារហូតដល់អំឡុងឆ្នាំ២០១៦។
ករណីនេះត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ស៊ី វណ្ណនី ធ្វើការកោះហៅឲ្យលោក ប៉ុល ឌីម ជាមេភូមិទួលគោក និងលោក ស៊ុន លឹមសេង អនុប្រធានភូមិ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យចូលខ្លួនមកបំភ្លឺបញ្ជាក់ជុំវិញករណីពិនិត្យស្នាមមេដៃលើលិខិតលក់-ទិញដី និងទទួលស្គាល់ព្រុំជាប់ដីទាំងសង្ខាង ដើម្បីបញ្ចប់បញ្ហា ហើយបានរកឃើញថា ពិតជាស្នាមមេដៃលោក មាស សាវឿន ប្រាកដមែន ពោលគឺលោក មាស សាវឿន មិនមានដីនៅទីតាំងនោះទៀតទេ។
លោកស្រី លឹម វណ្ណា បន្តថា កាលពីអំឡុងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានក្រុមគ្រួសារលោកស្រី ថាច់ ស៊ី សុ ម៉ា ប្រមាណជិត១០នាក់ ដែលអ្នកយាមដីឲ្យលោក មាស សាវឿន បាននាំគ្នាមកសាងសង់រោងឈើចាំដីរំលោ ភយកដីរបស់គាត់ ប៉ុន្តែគាត់បានប្តឹងភ្លាមៗ ទៅអាជ្ញាធរខណ្ឌឬស្សីកែវ ឲ្យជួយអន្តរាគមន៍ចុះមករុះរើ តែត្រូវម្ចាស់សុំពន្យាពេល៕