(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមាន៩៦គ្រឹះស្ថាន នៅគ្រប់២៥ខេត្តក្រុង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាស បញ្ជូនសមាជិកប្រមាណ២០០០នាក់ ដេីម្បីចូលរួមធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រសម្រាប់នីតិកាលទី៦ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានប្រកាសបន្ថែមថា សមាគមបានត្រៀមថវិកា ជិត២០មុឺនដុល្លារដែលសមាជិកសមាគមចូលរួមដោយស្មគ្រចិត្ត ដើម្បីចំណាយសម្រាប់កាចូលរួមសង្កេតការណ៍នេះផងដែរ ហើយអះអាងថា ខុមហ្វ្រែលជាអង្គការតូចណាស់បេីធៀបនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
ប្រធានសមាគមនេះបានបញ្ជាក់យ៉ាងដូច្នះថា ៖ «ថវិកាចំណាយជិត២០មុឺនដុល្លារដែលសមាជិកសមាគមចូលរួមដោយស្មគ្រចិត្ត។ ខុមហ្វ្រែលជាអង្គការតូចណាស់បេីធៀបនឹងសមាគម»។
ការប្រកាសនេះធ្វើឡើង ស្របពល អង្គការ Necfec និង អង្គការ Comfrel ប្រកាសថា ខ្លួននឹងមិនចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាចុងខែកក្កដា ខាងមុខនេះឡើយទេ។
ឆ្លើយតបនឹងការប្រកាសនេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា ទោះជាអង្គការទាំងពីរនេះមិនចូលរួម ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតខាងមុខនេះឡើយ ដោយសារតែការចូល ឬមិនចូលធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះថា បើតាមមាត្រា១០ ច្បាប់ជ្រើសតាំងតំណាងរាស្រ្ត អង្គការជាតិ-អន្តរជាតិអាចចូលរួម ក្នុងការសង្កេតការណ៍បោះឆ្នោតបាន ប៉ុន្តែពួកគេក៏មានសិទ្ធិមិនចូលរួមផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមែនជាការចាប់បង្ខំទេ គាត់ចូល ឬមិនចូលជាសិទ្ធិរបស់គាត់ មិនប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោតទេ»។ លោកបានបន្តថា «ពេលនេះមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដទៃទៀត កំពុងតែដាក់ពាក្យ ហើយយើងក៏បានទទួលស្គាល់ ជាង២ពាន់នាក់ហើយដែរ ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខនេះ អញ្ចឹងមានន័យថា បាត់១ រកបាន១០»។
ការប្រកាសមិនចូលរួម សង្កេតការណ៍បោះឆ្នោត របស់អង្គការ Necfec និង អង្គការ Comfrel ខាងលើនេះ គឺបានធ្វើឡើងស្របពេលនឹងការអំពាវនាវរបស់ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុងពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ អំពាវនាវកុំឱ្យប្រជាពលរដ្ឋកម្ពុជា ទៅបោះឆ្នោត និងជំរុញឱ្យអន្តរជាតិ កុំចូលរួមឬទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតកម្ពុជា នាខែកក្កដាខាងមុខនេះ ដរាបណាអតីតគណបក្សសង្រ្គោះជាតិ មិនបានចូលរួមប្រកួតប្រជែង៕