(កំពត)៖ ថ្លែងចេញពីខេត្តកំពតលោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់លោកយាយ-លោកតា សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបាន គ្រប់ៗគ្នា ដើម្បីកាត្វកិច្ចប្រជាពលរដ្ឋ ជ្រើសរើសអ្នកដឹកនាំ ដែលនិយាយពិត ធ្វើពិត និងមានទទួលខុសត្រូវពិតប្រាកដ ជាមួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋសម្បូរសប្បាយ និងប្រទេសជាតិរីកចម្រើន។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ជាអធីបតី ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តក្រូចឆ្មារ ស្ថិតក្នុងភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ។
ថ្លែងនៅក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងខេត្តកំពតខាងលើនេះលោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា «យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាព ឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាត គ្រប់ចលនាណាមួយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព នៅក្នុង ប្រទេសកម្ពុជា»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្តិភាពនេះ គឺបានមកដោយការលំបាក ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត របស់វីរៈជន ស្នេហាជាតិនៃយើង ហើយត្រូវ ចូលរួម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាប្រមុខដឹកនាំ ប្រទេសជាតិបន្តទៀត។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏សូមធ្វើការអរគុណ និងកោតសរសើរ ចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលខិតខំ នៅក្នុងការកសាងសមិទ្ធផល ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការ កសាង វិស័យ សាសនា។
លោកបានបន្ថែមទៀតថា រដ្ឋាភិបាល យើងលើកទឹកចិត្តប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសមិទ្ធផលចូលរួម អភិវឌ្ឍប្រទេសជាតិ ព្រោះរាជរដ្ឋាភិបាល មានកិច្ចការ ច្រើនណាស់ ដែលត្រូវធ្វើ រួមមាន៖ វិស័យសុខាភិបាល វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេង ជាច្រើនទៀត។
លោកថា កសាងសមិទ្ធផលជាច្រើន នៅទូទាំងប្រទេស មកដល់ពេលនេះ គឺអាស្រ័យលើកត្តាសំខាន់ៗ ចំនួន០៤ រួមមាន៖
ទី១៖ កត្តាការមានចិត្ត ចំណុចនេះសំខាន់ខ្លាំងណាស់ ដែលប្រជាពលរដ្ឋ និងសប្បុរសជន មានទឹកចិត្តសទ្ធាជ្រះថ្លា ចូលរួមកសាងសមិទ្ធផលរួមគ្នា
ទី២៖ កត្តាលទ្ធភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពធូរធារសម្បូរសប្បាយ អាចចូលរួមចែករំលែក ក្នុងការកសាងសមិទ្ធផលនានា
ទី៣៖ កត្ដាសេរីភាពរបស់ប្រជាពលរដ្ឋ នៅក្នុងការកសាងសមិទ្ធផលផ្សេង
និងទី៤៖ កត្តាសុខសន្តិភាព ដែលធ្វើឲ្យយើងមានឱកាសគ្រប់បែបយ៉ាង ក្នុងការកសាងសមិទ្ធផលនានា និងឱកាសចូលរួមអភិវឌ្ឍប្រទេស៕