(សៀមរាប)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្ម ការជាតិ ពិគ្រោះយោបល់គោលនយោបាយ ចំពោះគ្រួសារ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៤ នៃទិវាអន្តរជាតិ ស្តីពីគ្រួសារ១៥ ខែឧសភា ឆ្នាំ២០១៨ ក្រោម ប្រធានបទ «គ្រួសារល្អ មានតួនាទីក្នុងការលើកកម្ពស់សីលធម៌សង្គម និងការអភិវឌ្ឍប្រទេសជាតិ» ដោយមានការអញ្ជើញ ចូលរួមពីមន្រ្តីរាជការក្រសួងសង្គមកិច្ច ព្រមទាំងតំណាងគ្រួសារយ៉ាងច្រើនកុះករ។
រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ឲ្យដឹងថា ការប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារនាពេលនេះ គឺជាការរួមចំណែកផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង អំពីតួនាទីដ៏មានសារៈសំខាន់នៃគ្រួសារ ដែលបាន ខិតខំប្រឹងប្រែងចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅកូនចៅ ឲ្យក្លាយជាពលរដ្ឋល្អ គ្រួសារល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំង ចលករមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន។
ថ្លែងក្នុងអង្គពិធីនោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មការជាតិ ពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ ក៏បានសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជានថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្តដោយ បានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារ លិខិតថ្លែងទៅកាន់ជនរួមជាតិទាំងអស់ ជាពិសេស មេគ្រួសារ ដែលបានខិតខំចិញ្ចឹមបីបាច់ ថែរក្សាកូនចៅ ឲ្យក្លាយជាពលរដ្ឋក្នុងសង្គមផងដែរ។
លោក វង សូត បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ និងចាត់វិធានការជាច្រើនដើម្បី លើកស្ទួយកម្រិតជីវភាពរបស់ ប្រជាជន និងសុខុមាលភាពរបស់គ្រួសារ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍសង្គម និងធ្វើសុខដុមនីយកម្ម តាមរយៈ ការបង្កើតឲ្យមានច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនពាក់ព័ន្ធ នឹងការងារលើកកម្ពស់តម្លៃគ្រួសារ។
គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលប្រទេសនានាលើសកលលោក តែងប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨៩ ហើយ រាជរដ្ឋាភិបាលកម្ពុជា បានចេញងនុក្រឹត្យ ស្តីពីទិវាអន្តរជាតិ ស្តីពីគ្រួសារ១៥ ខែឧសភា ដើម្បីរួមគ្នាអនុវត្ត សេចក្តីសម្រេចចិត្តនេះ និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងទទួលបន្ទុក ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជម្រុញឲ្យការអភិវឌ្ឍគ្រួសារមានស្ថានភាពកាន់តែប្រសើរឡើង ស្របតាមស្ថានភាពការវិវត្ត នៃសេដ្ឋកិច្ចជាតិ និងកំណែទម្រង់ប្រព័ន្ធបៀរវត្ស និងប្រព័ន្ធប្រាក់សោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន៕