(កំពង់ចាម)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បញ្ជាមន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ ថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ឲ្យខាងតែបាន ហើយទប់ស្កាត់រាល់គ្រប់បទល្មើសទាំងអស់។
ថ្លែងបែបនេះ របស់លោកមេបញ្ជាការត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម។
ក្នុងនោះក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថដែលជាសិក្ខាកាមជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានប្រាប់ទៅមន្ដ្រីអាវុធហត្ថក្រោមឱវាទថា ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រនូវចំណេះជំនាញ ដើម្បីយកចំណេះដឹង ទៅបម្រើប្រជាពលរដ្ឋ និងបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ដោយមិនត្រូវប្រើអំណាចទៅធ្វើបាបពលរដ្ឋណាម្នាក់នោះទេ។
ក្រៅពីបញ្ហានេះ លោកមេបញ្ជាការ បានឲ្យដឹងទៀតថា ត្រូវបង្កើនការត្រួតពិនិត្យអាវុធជាតិផ្ទុះ វិន័យសណ្តាប់ធ្នាប់កងទ័ព ទប់ស្កាត់ការប្រើប្រាស់អាវុធ និងខោអាវកម្លាំងខុសច្បាប់ ប្រមូលផ្តុំកម្លាំងជាប្រចាំរួមទាំង មធ្យោបាយ សម្ភារឧបករណ៍ ដើម្បីធ្វើអន្តរាគមន៍ ទប់ស្កាត់ការបង្កចលាចលសង្គមគ្រប់រូបភាព ជាពិសេសត្រៀមជាស្រេច ការជួយសង្គ្រោះនៅគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុនានាឲ្យបានដាច់ខាត៕