(ភ្នំពេញ)៖ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយលោកស្រី ឃួន សូដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញទៅចូលរួមវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) លើកទី២ និងកិច្ចប្រជុំគណៈកម្មាធោការអន្ត្រៃយ៍លើកទី៣០ របស់គណៈកម្មាធិការអន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) ដែលធ្វើឡើងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧-២០ ខែឧសភា ឆ្នាំ២០១៨។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CPP បានឲ្យដឹងថា វេទិកាអន្តរជាតិ និងកិច្ចប្រជុំខាងលើផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ចំណុច រួមមាន៖
១៖ ភាពជាដៃគូអាស៊ី-អឺរ៉ុប និងតួនាទីរបស់គណបក្សនៅក្នុងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តំបន់។
២៖ កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ថាមពលស្អាត និងតម្លៃសមរម្យ ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងទប់ស្កាត់ការបំផ្លាញបរិស្ថាន។
៣៖ ការជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការឆ្លើយតបផ្នែកមនុស្សធម៌។
យោងតាមសេចក្តីប្រកាសដដែលនេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំគណៈកម្មាធោការអន្ត្រៃយ៍លើកទី៣០ នៃគណៈកម្មាធិការអន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី ដើម្បីពិភាក្សាអំពីបញ្ហានានាទាក់ទងនឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកទាក់ទងនឹងគោលដៅរួមរបស់គណៈកម្មាធិការអន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី។
ប្រភពបន្តថា ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា នឹងលើកអំពីការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់កម្ពុជា ចិន នេប៉ាល់ រុស្ស៊ី រួមនឹងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ដែលមានតំណាងមកពី ១៩ប្រទេសផ្សេងទៀត។
សូមបញ្ជាក់ថា ICAPP គឺជាក្រុមគណបក្សនយោបាយមួយដ៏ធំបំផុតនៅលើពិភពលោក ដែលតំណាងឲ្យគណបក្សនយោបាយជាង ៣៥០ មកពី ៥២ប្រទេសនៅអាស៊ី ដែលមានគោលបំណងជំរុញកិច្ចពិភាក្សា កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នា ដើម្បីសុខដុមរមនាក្នុងតំបន់ តាមរយៈបណ្តាគណបក្សនយោបាយ។ រដ្ឋជាសមាជិកបានប្តេជ្ញាចិត្ត ចំពោះលទ្ធិប្រជាធិបតេយ្យសន្តិភាព ការអភិវឌ្ឍរួមគ្នា និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅអាស៊ី។ គណបក្សប្រជាជនកម្ពុជា គឺជាសមាជិកដ៏សកម្មរបស់ ICAPP ចាង់តាំងពីឆ្នាំ២០០៥មកម្ល៉េះ។
ចំពោះវេទិកានយោបាយអាស៊ី-អឺរ៉ុបវិញ គឺជាវេទិកាមួយក្នុងចំណោមវេទិកាផ្សេងទៀតរបស់ ICAPP ដែលបានបង្កើត និងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី៧-១០ ខែកក្កដា ឆ្នាំ២០១៧នៅទីក្រុងសេអ៊ូល ដែលបានអនុម័តគោលការណ៍ណែនាំសម្រាប់ដំណើរការជាទូទៅរបស់ AEPF។
AEPF មានបំណងបង្កើតទំនាក់ទំនងជាទៀងទាត់ និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង ICAPP និងគណបក្សនយោបាយនៅទ្វីបអរ៉ុបជាពិសេសក្រុមធំៗទាំង៤ នៃគណបក្សនយោបាយនៅក្នុងសភាអឺរ៉ុប។ ជាការពិតថ្វីបើ ទ្វីបអាស៊ី និងអឺរ៉ុប មានវប្បធម៌ សង្គម និងសេដ្ឋកិច្ចខុសគ្នាក៏ដោយ ក៏ប៉ុន្តែប្រជាជននៃទ្វីបទាំងពីរមានការទទួលខុសត្រូវរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក៕