(កោះកុង)៖ សមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកោះកុង បាននិយាយថាក្ មេងប្រុសជាឃាតកឈាមរាវ ដែលបានយកកូនកាំបិតចាក់ទៅ លើក្មេងប្រុសម្នាក់ឈ្មោះចាន់ ហាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតចំណុចភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ក្មេងប្រុសសង្ស័យមានឈ្មោះ នួន សុខណា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ហើយក្រោយពីការសាកសួរពីមូលហេតុ ដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះនេះ ជនសង្ស័យបានសារភាពថា មុនពេលខ្លួនយកកាំបិតចាក់ទៅលើជនរងគ្រោះនេះ ព្រោះគេបានវ៉ៃខ្លួន១ដៃចំគល់ថ្គាមខាងឆ្វេងដោយគ្មានគំនុំអីសោះ ពេលខ្លួនខឹងក៏យកកាំបិតចាក់សម្លាប់់តែម្តងទៅ ហើយបានរត់ចូលដេកព្រៃ ២យប់ ដើម្បីគេចពីសមត្ថកិច្ច។ ចំពោះករណីឃាតកម្មនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
សមត្ថកិច្ចដដែលបានបន្តថា នៅមុនកើតហេតុបើតាមសម្តីរបស់អ្នកឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះបានមកទិញមី ក្រោយមកជនសង្ស័យ បានឃើញជនរងគ្រោះភ្លាមក៏រត់មកចាក់ ហើយរត់ចេញទៅបាត់ ដោយបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ ហើយភ្លាមៗនោះ អ្នកជិតខាង បានបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យតែសំណាងអាក្រក់ជនរងគ្រោះបានស្លាប់ពេលបញ្ជូនមកមន្ទីរពេទ្យ។ ចំណែកជនបង្ករបានរត់គេចខ្លួនបាត់ស្រមោល ក្រោយពីធ្វើសកម្មភាពរួច។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយធ្វើកោសល្យវិច្ច័យទៅលើសាកសពសមត្ថកិច្ច បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារជនសង្ស័យយកវត្ថុរឹងចាក់ចំ ផ្នែកខាងឆ្វេងក្រោមដោះបណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅមន្ទីពេទ្យ។ សូមបញ្ជាក់ថា អ្វីដែលគួរអោយហួសចិត្តនោះគឺក្មេងប្រុសអាយុក្រោម១៥ឆ្នាំ គ្រាន់តែទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចរហូតដល់ចងគំនុំនឹងគ្នា ឈានដល់ការចាក់សម្លាប់គ្នា ធ្វើអោយមានភាពភ្ញាក់ផ្អើលទាំងយប់។
លោក ង៉ែត វណ្ណៈ មន្ត្រីព្រហ្មទណ្ឌអធិការក្រុងបានឲ្យដឹងថា ក្នុងករណី ជនរងគ្រោះមានឈ្មោះ ចាន់ ហាក់ ភេទប្រុ អាយុ១២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចំណែកឯជនសង្ស័យមានឈ្មោះ នួន សុខណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិឃុំ ជាមួយគ្នា ហើយដោយសារការទាល់សំដីគ្នាបន្តិចបន្តួចក៏ឈានដល់ការចាត់សម្លាប់គ្នានេះតែម្តង៕