(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនចំនួនជាង១,០០០នាក់ មកពីស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក នៅសាលាបឋមសិក្សារហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចជាថ្នាក់ដឹកនាំជាតិ ពិសេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែចង់ដឹងពីសុខទុក្ខ ការលំបាករបស់បងប្អូន ជាអតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីធ្វើការដោះស្រាយ ជូនបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងបន្តថា ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ ហើយយើងទាំងអស់ត្រូវតែទទួលស្គាល់ការពិត និងតម្លៃនៃសន្តិភាពនេះថា គឺវាកើតពីការបង្ហូរឈាម បូជាសាច់ស្រស់ ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលិកម្ម និងលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិមាតុភូមិពីពួកឈ្លានពាន ប្រតិកិរិយា និងរបបពិឃាតអាវខ្មៅ៣ឆ្នាំ៨ខែ២០ថ្ងៃ។
លោក កែ គឹមយ៉ាន បានបន្តថា គំរូវីរ:ភាពដ៏អង់អាចក្លាហានប្តូរផ្តាច់ របស់បងប្អូនអតីតយុទ្ធជន ដែលស្មោះត្រង់ចំពោះជាតិមាតុភូមិនេះ គឺជាគំរូដែរត្រូវចង់ចាំមិនអាចបំភ្លេច និងគួរយកតម្រាប់តាមសម្រាប់មនុស្សជំនាន់ក្រោយ «ការគោរពដឹងគុណចំពោះអតីតយុទ្ធជន គឺស្រលាញ់ជាតិ ស្រលាញ់សន្តិភាព និងការអភិវឌ្ឍ»។
ចុងបញ្ចប់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងការកោតសសើរ ដល់ថ្នាក់ដឹកនាំសមាគម និងបានបំពាក់មេដាយជាការលើកចិត្ត និងផ្ដល់កម្លាំងចិត្ត យ៉ាងធំធេង ដល់បងប្អូនអតីតយុទ្ធជនបានប្រគល់អំណោយ និងថវិកាជូន អតីតយុទ្ធជនចំនួន១០៣៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល និងសារ៉ុង១, ថវិកាជូនសាលាស្រុកព្រះនេត្រព្រះ ១លានរៀល, ថវិកាជូនស្រុកភ្នំស្រុក ១លានរៀល, ថវិកាជូនសាលាបឋមសិក្សារហាល ៥០ម៉ឺនរៀល និងជួយសាងសង់ផ្ទះផ្តល់ជូនអតីតយុទ្ធជនចំនួន២០០ខ្នង៕