(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះរឿងក្តីនគរបាលស័ក្តិ៤ នៃនាយកដ្ឋានប្រឆាំង បទល្មើស បច្ចេកវិទ្យាម្នាក់ ដែលប្រើហិង្សាដោយវាយទាត់ធាក់មន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៨កន្លងទៅ។ លោកចៅក្រមបានសម្រេចថា នឹងប្រកាសសាលក្រមនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ខាងមុខវិញ។
សវនាការនេះមានលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ ដោយបានចោទប្រកាន់លើឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជានគរបាលការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ អឿន ចំណាន ភេទប្រុស ជាមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញ និងបទ «ប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់» ដែលកំណត់ដោយអាជ្ញាធរសាធារណ: ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា២១៧ មាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ ជនជាប់ចោទបានឆ្លើយថា ជនជាប់ចោទឈ្មោះ សៅ បញ្ញ ថា មូលហេតុដែលខ្លួន ទៅវាយទាត់ធាក់ជនរងគ្រោះ ព្រោះចង់ជម្រះបញ្ជីចាស់ ដែលមានទំនាស់កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មុនថ្ងៃកើតហេតុមួយថ្ងៃ។ នៅក្នុងសវនាការ ជនរងគ្រោះមិនបានទាមទារសំណងអ្វីទៀតទេដោយសារតែ ទទួលសំណងក្រៅប្រព័ន្ធតុលាការ និងដកពាក្យបណ្តឹងរួចហើយ។
កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោក ពេជ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាប់ចោទខាងលើ។
សូមរម្លឹកថា ដើមចមដែលឈានដល់ការប្រើហិង្សាលើជនរងគ្រោះ គឺព្រោះតែជនរងគ្រោះបាន អនុវត្តច្បាប់ចរចរណ៍ ប៉ុន្តែការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេត្រូវបានលោកស័ក្តិ៤ សៅ បញ្ញា ជាម្ចាស់រថយន្ត ម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍នោះ បញ្ជាឲ្យលត់ជង្គង់សុំទោស និងធាក់មួយជើងចំកណ្តាលដើមទ្រូង ផ្ងារទៅក្រោយ ថែមទាំងបានជេរប្រមាថ គំរាមកំហែង ថែមទៀតផង៕