(សៀមរាប)៖ ប្រធានសមាគមគ្រូពេទ្យសើស្បែកលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានធ្វើសំណូមពរដល់ប្រជាពលរដ្ឋ មិនគួរទៅទិញរបស់របរថ្នាំ គ្រឿងសំអាង ដោយខ្លួនឯង ដោយមិនបានប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ជំនាញនោះទេ ព្រោះកាលណាគាត់ធ្វើបែបនេះ គឺនាំឲ្យជំងឺរបស់គាត់មានការអូសបន្លាយពេលវេលា ឬឈានទៅរកសភាពជំងឺធ្ងន់ធ្ងរ ហើយខាតបង់ ទាំងពេលវេលា និងថវិកាផងដែរ។ ដូច្នេះ បើសិនជាមានជំងឺសើស្បែក ហើយបានទៅរកគ្រូពេទ្យជំនាញឯកទេសពិតប្រាដក គឺបានជួយធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ នឹងធ្វើឲ្យជំងឺឆាប់ជាសះស្បើយ។
លោកវេជ្ជបណ្ឌិតថ្លែងទៀតថា ប្រជាពលរដ្ឋមិនគួរឆាប់ជឿ និងគួរជៀសវាងការឃោសនារបស់បុគ្គល ឬក្រុមហ៊ុន សម្រាប់ការសម្រេចចិត្ត ប្រើប្រាស់ នូវផលិតផលគ្រឿងសំអាង ឬលេលាបស្បែកនានា ព្រោះការប្រើប្រាស់ផលិតផលដែលមិនស្គាល់នេះ វាអាចនឹងនាំទៅរកផលវិបាកច្រើនយ៉ាង។
លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា «4ASMCDS» The 4th Annual Scientific Meeting of Cambodian Dermatological Society បានរៀបចំនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល អង្គរភោគីក្រាហ្គោល និងស្ប៉ា រីស៊ត នៅក្រុងសៀមរាបដែលមានការចូលរួមពីវេជ្ជបណ្ឌិត អ្នកជំនាញ អ្នកឯកទេស វាគ្មិន និងអ្នកពាក់ព័ន្ធជាតិ-អន្តរជាតិជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានថ្លែងទៀតថា នេះជាកិច្ចប្រជុំលើកទី៤ហើយ បន្ទាប់ពីការបង្កើតសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ហើយគោលបំណងការរៀបចំឲ្យ មានកិច្ចប្រជុំនេះ គឺដើម្បីបាននាំមកនូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ ពីវាគ្មិនជាតិ-អន្តរជាតិ ដែលគាត់មកចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ដែលគ្រូពេទ្យនៃរោគ ជំងឺសើស្បែកត្រូវតែរៀនសូត្រ។
នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ក៏មានការបោះឆ្នោតជ្រើសរើសតំណាង និងប្រធានសមាគមសម្រាប់អាណត្តិថ្មី ដែលមានសមាជិកសរុបប្រមាណជា១២០រូប។ សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក៏ជាសមាជិក នៃសមាគមគ្រូពេទ្យសើស្បែកអាស៊ាន ហើយនឹងឈានចូលរួមជាសមាជិក នៃសមាគមគ្រូពេទ្យសើស្បែកអាស៊ី ព្រោះនៅលើពិភពលោកនេះ មានក្រុមសមាជិកគ្រូពេទ្យសើស្បែកអាស៊ាន ជាសមាជិករបស់ពិភពលោកផងដែរ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មូលហេតុដែលបង្កើត សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ដែលជាសមាគមវិជ្ជាជីវៈមួយនេះឡើង ដើម្បីពង្រឹងនូវវិជ្ជាជីវៈ ទាក់ទងជំងឺសើស្បែក ហើយដើម្បីឲ្យគ្រូពេទ្យទាំងអស់គ្នា មានការចូលរួមបានរៀនសូត្រនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីមានភាពងាយស្រួល ក្នុងការយកទៅអនុវត្តឲ្យមានគុណភាព និងប្រសិទ្ធិភាពខ្ពស់។
លោកក៏បានបន្ថែមថា បច្ចុប្បន្នជំងឺសើស្បែកមួយចំនួននៅកម្ពុជា គឺបានជួបញឹកញ៉ាប់ និងមានការកើនឡើង ដូចជាជំងឺតាអក ជំងឺផ្សិតសើស្បែក ជំងឺបាក់តារីសើស្បែក ជំងឺប៉ារ៉ាស៊ីតសើស្បែក ជំងឺមុខកើតមុន ជំងឺជាំ ជំងឺកន្ទាលត្រអាក និងជម្ងឺជាច្រើនទៀត។ តែសម្រាប់ជំងឺសើស្បែកទាំងនេះ បច្ចុប្បន្នប្រជាពលរដ្ឋ មានការយល់ដឹងច្រើន បើប្រៀបធៀបទៅនឹងកាលពីកិច្ចប្រជុំលើកទី១ ចំណែកក្រុមគ្រូពេទ្យ ក៏មានសមត្ថភាពទាំងជំនាញ និងចំណេះដឹងប្រកបដោយគុណភាព និងប្រសិទ្ធិភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការផ្ដល់ការប្រឹក្សា ពិនិត្យ និងព្យាបាលជំងឺ រោគសើស្បែកផងដែរ។
ប្រធានសមាគមរូបនេះ បានបន្ថែមថា ជាក់ស្ដែងបច្ចុប្បន្ននេះនៅកម្ពុជា តាមមន្ទីរពេទ្យរដ្ឋ គឺមិនទាន់ជាអទិភាពខ្លាំង ដូច្នេះឃើញថាចំពោះកម្មវិធី និងថវិកាគាំទ្រ ដល់គម្រោងសកម្មភាពនៃជំងឺ រោគ ផ្នែកសើស្បែកនៅមានកម្រិតនៅឡើយ៕