(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់, រងរបួសស្រាល២នាក់ និងរបួសធ្ងន់៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង រថយន្តតូច៩គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ, ល្មើសល្បឿន, បត់គ្រោះថ្នាក់ ស្រវឹង ប្រជែង និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថារយៈពេល១៥ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២៤លើក បណ្ដាលឲ្យមនុស្សស្លាប់៦៨នាក់ របួសធ្ងន់ចំនួន១២១នាក់ និងរបួសស្រាលចំនួន៤៨នាក់៕