(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការហើយ។ គណបក្សហ៊្វុនស៊ិនប៊ិច ឈរឈ្មោះប្រកួតប្រជែងនៅ ២៥មណ្ឌល។
មកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ បូកសរុបទាំងគណបក្សហ៊្វិនស៊ិនប៉ិចផងមានគណបក្សនយោបាយចំនួន ៥ហើយត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការសម្រាប់ការប្រកួតប្រជែងដណ្តើមអាសនៈសភានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ គណបក្សដែលគ.ជ.ប បានទទួលស្គាល់រួចមកហើយនោះរួមមាន៖ គណបក្សយុវជនកម្ពុជា ដែលឈរនៅ ១៧មណ្ឌល, គណបក្សប្រជាជនកម្ពុជា ឈរនៅ ២៥មណ្ឌល, គណបក្សសញ្ជាតិកម្ពុជាឈរនៅ ២៥មណ្ឌល និងគណបក្សខ្មែររួបរួមជាតិ ឈរនៅ ២៥មណ្ឌល។
សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែងមានរហូតដល់ទៅ ២០គណបក្ស។
ក្នុងចំណោមគណបក្សទាំង២០នេះ គណបក្សនយោបាយចំនួន៥ដូចរៀបរាប់ខាងលើត្រូវ គ.ជ.ប ទទួលស្គាល់ផ្លូវការមានសិទ្ធិគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួតប្រជែងហើយ។
ដោយឡែកគណបក្សនយោបាយ ១៥ទៀតដែល គ.ជ.ប កំពុងពិនិត្យនីតិវិធី និងមិនទាន់សម្រេចទទួលស្គាល់នៅឡើយនោះរួមមាន៖ គណបក្សខ្មែរតែមួយ ឈរនៅ ១៦មណ្ឌល, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ ២៥មណ្ឌល, គណបក្សសំបុកឃ្មុំសង្គប្រជាធិបតេយ្យ ឈរនៅ ២៥មណ្ឌល, គណបក្សពន្លឺថ្មី ឈរនៅ ១៣មណ្ឌល, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅ ២៥មណ្ឌល, គណបក្សធម្មាធិបតេយ្យ ឈរនៅ ១០មណ្ឌល, គណបក្សខ្មែរឈប់ក្រ ឈរនៅ ២៥មណ្ឌល, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឈរនៅ ១២មណ្ឌល, គណបក្សខ្មែរសាធារណរដ្ឋ ឈរនៅ ១០មណ្ឌល, គណបក្សរស្មីខេមរា ឈរនៅ ៧មណ្ឌល, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរនៅ ១៦មណ្ឌល, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាឈរនៅ ១១មណ្ឌល, គណបក្សមាតុភូមិយើង ឈរនៅ ៦មណ្ឌល, គណបក្សឆន្ទៈខ្មែរ ឈរនៅ ២៥មណ្ឌល និងគណបក្សខ្មែរក្រោក ឈរនៅ ៥មណ្ឌល៕