(ភ្នំពេញ)៖ ទីបំផុតទៅ នៅពេលដែលឃើញ គណបក្សនយោបាយចំនួនដល់ទៅ២០ បានចុះបញ្ជីរួចរាល់ជាមួយ គ.ជ.ប ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដាខាងមុខ ខ្មោចបក្សសង្គ្រោះជាតិ ដែលគ្មានសំណាងបានចូលរួមប្រកួតប្រជែងជាមួយគេ ដោយសារតែកំហុសធ្ងន់ធ្ងរ របស់មេដឹកនាំរហូតដល់ធ្វើឲ្យបក្សនេះ រលាយសាបសូន្យពីឆាកនយោបាយនោះ ស្រាប់តែបានចេញសេចក្តីថ្លែងការណ៍ ដ៏គួរឲ្យអស់សំណើច។

សេចក្តីថ្លែងការណ៍ដែលទំនងចេញពីឋាននរក ក៏មិនដឹងនោះបានថ្កោលទោសគេឯងរាប់ទាំង គ.ជ.ប ផងថា មិនបានអនុញ្ញាតឲ្យបក្សរបស់ខ្លួន ដែលរលាយទៅជាខ្មោចទៅហើយនោះ ចូលរួមប្រកួតប្រជែងជាមួយគេ។

អ្វីដែលគួរឲ្យអស់សំណើចនៅត្រង់ថា សេចក្តីថ្លែងការណ៍ខ្មោចមួយនេះ ហាក់ដូចជាមមីងមមាំង មិនដឹងច្បាប់ទម្លាប់អ្វីទាំងអស់។ ជាធម្មតា នរណាក៏ដឹងដែរថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់។ ស្ថាប័នមួយនេះគ្មានសិទ្ធិអំណាចអ្វីទៅសម្រេចឲ្យបក្សនេះ ឬមិនឲ្យគណបក្សនោះចូលរួមបោះឆ្នោត តាមតែចិត្តនឹកឃើញបាននោះទេ តែ គ.ជ.ប គ្រាន់តែជាអ្នកអនុវត្តតាមច្បាប់ និងនីតិវិធីដែលបានចែងតែប៉ុណ្ណោះ។

រាល់គណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃហើយ ដែលក្រសួងមួយនេះទទួលស្គាល់ជាផ្លូវការ មានសិទ្ធិចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួនជាមួយ គ.ជ.ប បាន។

បន្ទាប់ពីបានបំពេញបែបបទត្រឹមត្រូវ តាមនីតិវិធីច្បាប់គ្រប់គ្រាន់ហើយនោះ គ.ជ.ប នឹងប្រកាសទទួលស្គាល់គណបក្សនោះថា បានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែងរបស់ខ្លួន តាមនីតិវិធីច្បាប់ហើយ។ នេះជាតួនាទីរបស់ គ.ជ.ប ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលបានកំណត់ ហើយដែលសូម្បីពលរដ្ឋសាមញ្ញ ក៏បានដឹងអំពីនីតិវិធីបែបនេះដែរ លើកលែងតែគណបក្សខ្មោចសង្គ្រោះជាតិមួយប៉ុណ្ណោះដែលមិនដឹង។

គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជី និងចុះឈ្មោះបេក្ខជនរបស់ខ្លួនរួចរាល់នៅ គ.ជ.ប ទាន់ពេលវេលាតាមប្រតិទិន ដែលបានកំណត់សុទ្ធតែបានដឹងច្បាស់ អំពីនីតិវិធីច្បាប់ ហើយបានខិតខំបំពេញគ្រប់លក្ខខណ្ឌ តម្រូវដោយគ្មានខ្វះចន្លោះឡើយ ទើប គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ។ មានតែគណបក្សសង្គ្រោះជាតិមួយនេះទេ បែរជាចេញសេចក្តីថ្លែងការណ៍ ដ៏គួរឲ្យអស់សំណើចបែបនេះទៅវិញ។ សេចក្តីថ្លែងការណ៍នេះ គឺពិតជាមានន័យយ៉ាងច្បាស់ថាបក្សខ្មោច CNRP មានការវង្វេងវង្វាន់ ថាបាយបិណ្ឌ គឺជាបាយបាតតែម្តង។

យ៉ាងណាសម្រាប់អ្នកដែលបានតាមដាននយោបាយនៅកម្ពុជា វាប្រហែលជាគ្មានអ្វីចម្លែកទេ សម្រាប់គណបក្សសង្គ្រោះជាតិ ដែលតែងតែធ្វើអ្វីៗដោយមិនគោរព តាមនីតិវិធីច្បាប់នោះ។ តាំងពីដើមរៀងមក គណបក្សដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា គិតតែពីរឿងកេងចំណេញនយោបាយ ដោយមើលរំលងទាំងស្រុងនីតិវិធីច្បាប់។

ហេតុដូច្នេះហើយបានជាទីបំផុតគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ដោយសារតែកំហុសធំធេងរបស់មេដឹកនាំ គណបក្សដែលហ៊ានរហូតដល់ទៅធ្វើនយោបាយ តាមខ្សែញាក់របស់បរទេស ដោយមិនគិតអំពីច្បាប់របស់ប្រទេស។

ក្នុងន័យនេះហើយបានជា ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា សុទ្ធតែមានទោសជាច្រើនករណីជាប់នឹងខ្លួន។ ប៉ុណ្ណឹងហើយក៏ពួកគេនៅតែមិនភ្ញាក់រលឹកហើយ នៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ ចេញសេចក្តីថ្លែងការណ៍ទាំងងងឹតងងុលបែបនេះទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់គឺ តាំងពីមុនពេល គ.ជ.ប ចាប់ផ្តើមដំណើរការនីតិវិធីរបស់ខ្លួនម៉្លេះ លោក សម រង្ស៊ី បានឃោសនាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនថា គណបក្សសង្គ្រោះជាតិ នឹងមានវត្តមាននៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខនេះ។ គាត់ភូតកុហកអ្នកគាំទ្រថា សហគមន៍អន្តរជាតិ នឹងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យទទួលយកខ្មោចគណបក្សសង្គ្រោះជាតិមកវិញ។ ក្រោយមកនៅពេល ដែលការធ្វើសកម្មភាពទាំងឡាយរបស់លោក សម រង្ស៊ី និងបក្សពួកមិនទទួលបានលទ្ធផលអ្វី ដោយសារតែសហគមន៍អន្តរជាតិ មិនស្តាប់តាម លោក សម រង្ស៊ី ក៏បែរមករិះរកវិធីគ្រប់យ៉ាង ដើម្បីរារាំងកុំឲ្យបក្សនយោបាយផ្សេងៗ ទៅចូលរួមបោះឆ្នោតដោយលើកហេតុផលថា គ្មានវត្តមានបក្សសង្គ្រោះជាតិ គ្មានប្រជាធិបតេយ្យ។ ប៉ុន្តែ ការឃោសនាបោកប្រាសនេះ ក៏ទទួលបរាជ័យទាំងស្រុងទៀត ដោយសារតែគណបក្សនយោបាយផ្សេងៗ មិនស្តាប់តាមការឃោសនារបស់លោក សម រង្ស៊ី ឯណា។

ផ្ទុយទៅវិញ ពួកគេគិតថា ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ នឹងផ្តល់ជាជម្រើសយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ ហើយពួកគេក៏យល់ទៀតថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនអាស្រ័យលើគណបក្សមួយ ដែលបំពានច្បាប់ និងដែលបានស្លាប់បាត់ទៅហើយនោះឡើយ។ ទីបំផុត គណបក្សចំនួនដល់ទៅ២០ បានចូលរួមប្រកួត។ ចំនួនគណបក្សដ៏ច្រើនហួស ពីការរំពឹងទុកបែបនេះ រឹតតែធ្វើឲ្យលោក សម រង្ស៊ី និងមន្ត្រីគណបក្សខ្មោចសង្គ្រោះជាតិ ក្រពុលមុខកាន់តែខ្លាំងរហូតដល់ចេញសេចក្តីថ្លែងការណ៍ វង្វេងស៊ុងមិនដឹងខុសត្រូវបែបនេះ។

សេចក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវឲ្យពលរដ្ឋធ្វើពហិការ មិនទៅបោះឆ្នោតដែលបំពាន ទៅនឹងច្បាប់បោះឆ្នោតថែមទៀត។ ការបន្តបំពានច្បាប់ម្តងហើយម្តងទៀត របស់អ្នកនយោបាយបក្សខ្មោចសង្គ្រោះជាតិ កាន់តែធ្វើឲ្យមហាជនខ្មែររាប់ទាំង អ្នកធ្លាប់គាំទ្រគណបក្សនេះផង បានស្គាល់កាន់តែច្បាស់អំពីចរិត របស់មេដឹកនាំគណបក្សនេះ ដែលតែងតែភូតភរ បោកប្រាស់ពលរដ្ឋតែរហូតមក។

ចំណែកឯសហគមន៍អន្តរជាតិវិញ ក៏ពួកគេកំពុងសាទរ និងស្ងប់ស្ងែងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលបាត់បក្សមួយនៅមានបក្ស២០ប្រកួត។ ដូច្នេះ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានយល់ច្បាស់ហើយថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងមិនដូចការឃោសនាអកុសលរបស់លោក សម រង្ស៊ី នោះឡើយ។

សរុបទៅ សំឡេងរបស់លោក សម រង្ស៊ី ក្តី សំឡេងរបស់គណបក្សខ្មោចសង្គ្រោះជាតិក្តី លែងមានន័យសម្រាប់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិទៀតហើយ។ វាគ្រាន់តែជាសំឡេងខ្មោចទារពែតែប៉ុណ្ណោះ។ បើគណបក្សនយោបាយយ៉ាងច្រើនចូលរួមបោះឆ្នោត ពលរដ្ឋខ្មែរយ៉ាងច្រើនកុះករនឹងទៅបោះឆ្នោត ហើយសហគមន៍អន្តរជាតិក៏នឹងសាទរ ហើយគោរពឆន្ទៈពលរដ្ឋខ្មែរជាក់ជាមិនខាន។

ចំណែកគណបក្សខ្មោចមួយនោះ នឹងកាន់តែវង្វេងវង្វាន់ ក្រពុលមុខខ្លាំង រហូតដល់ស្រវាំងភ្នែកមើលអ្វីមិនឃើញ មិនដឹងសខ្មៅ មិនដឹងខុសត្រូវ ហើយទីបំផុតគឺប្រវត្តិសាស្ត្រនឹងកប់ឈ្មោះគណបក្សនេះចោល កប់ឈ្មោះអ្នកនយោបាយទាំងនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់ទៀតឡើយ។ បើមានអ្នកនឹកនាក៏ជាការនឹកដល់គណបក្សមួយដែលបំពានច្បាប់ ដែលធ្វើកំហុសនយោបាយធ្ងន់ធ្ងរគ្រាន់ទុកជាបទពិសោធន៍ទៅថ្ងៃមុខកុំឲ្យដើរជាន់ដានចាស់តែប៉ុណ្ណោះ។ ដូច្នេះ
សេចក្តីថ្លែងការណ៍នេះ មានន័យដូចពាក្យចាស់បូរាណថា ចាញ់ខ្លាំងស្រវាំងភ្នែក គឺស្រវាំងទាល់តែលែងដឹងខុសត្រូវ លែងយល់ច្បាប់អ្វីទាំងអស់គឺវង្វេងស៊ុងតែម្តង៕

ដោយ៖ និស្សិតឆ្នាំទី៤
សាកលវិទ្យាល័យនិតិសាស្ត្រ