(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ប្រចាំតុលាការបានរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះថា អ្នកបើកបររថយន្ដបុកមនុស្សស្លាប់ នៅតាមផ្លូវជាតិលេខ៣ ត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន។
បើតាមមន្ដ្រីតុលាការលោកចៅក្រម ប៊ុន ធី នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ទៀតឈ្មោះ អ៊ួក វរ៉ា អាយុ៥២ឆ្នាំ រស់នៅភូមិស្រែជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណី បើករថយន្តម៉ាក RAV4 ពាក់ស្លាកលេខ 2S-8106 បុកជនរងគ្រោះឈ្មោះ យឺន សារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅតាមបណ្តោយផ្លូវជាតិលេខ៣។
ការសម្រេចដោះនេះត្រូវបានលោក ប៊ុន ធី ធ្វើឡើងបន្ទាប់ពីលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន សម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅឲ្យលោកចៅក្រម ដោះលែងតាមនីតិវិធី។
ពាក់ព័ន្ធការដោះលែង ជនត្រូវចោទខាងលើលោកចៅក្រម ប៊ុន ធី បានអះអាងបញ្ជាក់ថា ដោយសារតែភាគីទាំងសងខាង សម្របសម្រួលគ្នាបញ្ចប់រឿង៕