(កោះកុង)៖ ដើម្បីអនុវត្តន៍ និងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង រួមទាំងលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដោយមានការចូលរួមសហការជាមួយ អធិការនគរបាលគ្រប់ស្រុក បានចុះធ្វើយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដាស្រុកនានានៅក្នុងខេត្តកោះកុង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
ក្នុងការរឹតបន្តឹងការពាក់មួកសុវត្ថិភាពនោះដែរ លោក អន ដាវុធ បានថ្លែងថា ដើម្បីអនុវត្តន៍អនុសាសន៍របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, មន្ទីរសាធារណការខេត្ត បានចុះធ្វើការណែនាំអប់រំដល់អ្នកជិះម៉ូតូ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា ហើយក្នុងប្រតិបត្តិការនេះដែរ បើប្រជាពលរដ្ឋណាដែលមិនពាក់មួកសុវត្តិភាព មន្ត្រីយើងបានបំពាក់មួកសុវត្ថិភាព និងផ្ដល់ជូននូវសៀវភៅ ស្ដីពីច្បាប់ចរាចរណ៍ សៀវភៅដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ ស្ទីគ័រ និងខិតបណ្ណសុវត្ថិភាពចរាចរណ៍ដល់ពួកគាត់ ។
លោក អន ដាវុធ បានបន្តថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ បើកបរសូមចូលរួមគោរពច្បាប់ចរាចទាំងអស់គ្នា ត្រូវចេះយល់យោគគ្នា អនុគ្រោះគ្នា ហើយសូមបងប្អូនបើកបរត្រូវពាក់មួកសុវត្ថិភាព គឺដើម្បីការពារអាយុជីវិតខ្លួន។
លោកបានបញ្ជាក់ថា ការចុះរឹតបន្តឹងច្បាប់ចរាចផ្លូវគោក និងបំពាក់មួកសុវត្ថិភាព សរុបអស់មួកសុវត្ថិភាពចំនួនសរុប១៦៨ មួក ហើយមិនតម្រូវឲ្យពួកគាត់បង់ថ្លៃសេវាឡើយ៕