(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិមូលដ្ឋាន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ចំនួន៨៥៩នាក់ មកពីស្រុកស្វាយចេក និងស្រុកថ្មពួក នៅសាលាស្រុកស្វាយចេក។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាតិ ពិសេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែចង់ដឹងពីសុខទុក្ខ ការលំបាករបស់បងប្អូនជាអតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីធ្វើការដោះស្រាយជូន។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសមានសុខសន្តិភាព និងបានប្តេជ្ញាការពារ នូវសុខសន្តិភាពដែលកើតពីការបង្ហូរឈាម បូជាសាច់ស្រស់ ឈាមស្រស របស់បងប្អូនអតីតយុទ្ធជននេះឲ្យនៅគង់វង្ស និងអភិវឌ្ឍន៍។ បច្ចុប្បន្នសម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសការអនុវត្តន៍គោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន បង្ហាញនូវការដឹងគុណ ចំពោះគុណូបការៈ ដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិមាតុភូមិ និងប្រជាជនទាំងមូល ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ។
ចុងបញ្ចប់ លោក កែ គឹមយ៉ាន បានកោតសសើរដល់ថ្នាក់ដឹកនាំសមាគម និងបានបំពាក់មេដាយជាការលើកចិត្ត និងផ្ដល់កម្លាំងចិត្តយ៉ាងធំធេង ដល់បងប្អូនអតីតយុទ្ធជន ដែលមិនអាចបំភ្លេចបាន និងនៅតែចងចាំជានិច្ចអំពីគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ ដែលបានពលីកម្ម និងលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុរំដោះប្រទេសជាតិ មាតុភូមិ និងបានប្រគល់អំណោយ ថវិកា ជូន អតីតយុទ្ធជនចំនួន៨៥៩នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៥ម៉ីនរៀល និងសារ៉ុង១, ថវិកាជូនសាលាស្រុកថ្មពួក ១លានរៀល និងសាលាស្រុកស្វាយចេក ១លានរៀល។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានដឹកនាំប្រតិភូបន្តដំណើរទៅពិនិត្យមើលផ្លូវបេតុង១ខ្សែ ប្រវែង១,០០០ម៉ែត្រ នៅក្នុងភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេក ដែលបានសាងសង់រួចរាល់បាន ប្រវែង៣៦០ម៉ែត្រ និងបានជូនអំណោយដល់ ប្រជាពលរដ្ឋនៅក្នុងភូមិអូរវែង ចំនួន២០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១, ជាងសាងសង់ថ្នល់៧នាក់ ក្នុងម្នាក់ទទួលបានថវិកា១ម៉ឺនរៀល និងសារ៉ុងម្នាក់១ផងដែរ៕