(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក បង្ហាញពីសកម្មភាពរបស់សម្តេចបើកម៉ូតូដោយខ្លួនឯង ចុះស្វែងយល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋ មានអណ្តូងទឹក ប្រព័ន្ធធារាសាស្ត្រធ្វើស្រែចំការ។
ជាមួយគ្នានេះ សម្តេចតេជានាយករដ្ឋមន្ត្រីក៏បានបង្ហោះសារអរគុណដល់បងប្អូនជូនរួមជាតិ កម្មករនិយោជិក ដែលមានជំនឿជឿជាក់ លើការដឹកនាំរបស់សម្តេច ហើយបន្តគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីថែរក្សាការពារសន្តិភាព និងដើម្បីសម្តេចមានឱកាសអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «រូប១សន្លឹកនេះ បានរំលឹកអំពីអតីតកាល នៃដែលពូតែងតែធ្វើដំណើរ ទៅតាមបណ្តាខេត្តនានា ដើម្បីចុះជួយបងប្អូនប្រជាពលរដ្ឋ នៅតាមភូមិឃុំ និងតំបន់ដាច់ស្រយាលឲ្យមានអណ្តូងទឹកស្អាតប្រើប្រាស់ និងមានប្រព័ន្ធធារាសាស្រ្ត និងប្រឡាយទឹកតូចធំ សម្រាប់ពលរដ្ឋធ្វើស្រែចម្ការ មានស្រូវអង្ករ និងបន្លែបង្ការទទួលទានគ្រប់គ្រាន់»។
ពីមុនយើងមានមធ្យោបាយជាម៉ូតូបែបនេះ ទើបអាចចុះជួយបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិឃុំបាន ព្រោះផ្លូវលំបាកដោយសារសង្រ្គាមបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។ ប៉ុន្តែសព្វថ្ងៃ យើងមានផ្លូវស្ពានល្អៗ ព្រមទាំងមធ្យោបាយប្រើប្រាស់ច្រើនប្រភេទ រួមទាំងរថយន្តទំនើបៗ តាំងពីទីក្រុងរហូតដល់តាមបណ្តាខេត្ត ដែលបង្ហាញពីជីវភាពរស់នៅរបស់បងប្អូន កាន់តែធូរធារល្អប្រសើរឡើង។
នៅពេលនេះ កូនក្មួយក៏អាចឃើញពូចុះតាមរោងចក្រសហគ្រាសនានា ជួបជាមួយក្មួយៗកម្មករ។ ការចុះជួបដោយផ្ទាល់បែបនេះ គឺដើម្បីពូមានឱកាសបានស្វែងយល់ពី សុខទុក្ខកូនក្មួយដោយផ្ទាល់ និងរិះរកដំណោះស្រាយល្អៗ ដើម្បីជួយកូនក្មួយៗឲ្យមានការយកចិត្តទុកដាក់ ពីម្ចាស់រោងចក្រ និងមានការងារធ្វើជាប់លាប់ល្អ មានប្រាក់ខែសមរម្យ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀតដូចជា ការពិនិត្យនិងព្យាបាលសុខភាពដោយឥតគិតថ្លៃ, រីឯកូនក្មួយកម្មការនីមានផ្ទៃពោះ គឺទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូន និងបានឈប់សម្រាក៣ខែជាមួយប្រាក់ខែ១២០% ។ ចំពោះប្រាក់ខែក្មួយៗ គឺនឹងដំឡើងជារៀងរាល់ឆ្នាំហើយក្មួយៗកម្មករទាំងអស់ក៏នឹងទទួលបាន នូវប្រាក់រឺត្រែត ដូចមន្រ្តីរាជការយើងផងដែរ។
ពូនឹងបន្តចុះជួបជាមួយក្មួយៗកម្មករនៅទូទាំងប្រទេស។ ពូអរគុណក្មួយៗដែលមានជំនឿជឿជាក់ លើការដឹកនាំរបស់ពូ ហើយបន្តគាំទ្រនិងបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីថែរក្សាការពារសន្តិភាព និងដើម្បីពូមានឱកាសអភិវឌ្ឍន៍ ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន»៕