(ហ៊ូណាន-ចិន)៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសចិន នៅរសៀលថ្ងៃទី១៤ ខែឧសភានេះ លោក Xu Dazhe អភិបាលខេត្តហ៊ូណាន បានធ្វើបដិសណ្ឋារកិច្ច និងស្វាគមន៍ជូនចំពោះលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ វេង សាខុន និងប្រតិភូ នៅសាលមោរី ហ៊ូណានផ្លាហ្សា សណ្ឋាគារហ្វាក់ថាន ទីក្រុងឆាងសា ខេត្តហ៊ូណាន។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រាបជូនគណៈ ប្រតិភូជ្រាបអំពីវឌ្ឍនភាព និងការរីកចម្រើននៃខេត្តហ៊ូណានលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ដោយឡែកផលិតកម្មស្រូវអង្ករដ៏ល្បីល្បាញពេញពិភពលោក គួរជាទីមោទនៈ។
តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូក្រសួងកសិកម្មនេះ លោកអភិបាលខេត្តសង្ឃឹម និងជឿជាក់ថាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាមហាមិត្តនិងគ្នាជាង៦០ឆ្នាំមកនេះ អាចបង្កើននិងពង្រឹងទ្វេឡើងថែមទៀតឲ្យកាន់តែរឹងមាំ ហើយសន្យាថាខេត្តហ៊ូណាន និងផ្តល់កិច្ចសហការយ៉ាងពេញលេញជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មពូជស្រូវហាយប្រីដដ៏មានសារៈសំខាន់នេះ។
នាក្នុងឱកាសដ៏ប្រពៃនេះ តាងនាមឲ្យរាជរដ្ឋាភិ បាលកម្ពុជា លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោលអភិបាលខេត្ត មជ្ឈមណ្ឌលជាតិផលិតពូជស្រូវ ហូណាន និងវិស័យឯកជនដែលបានផ្តល់ឱកាសឲ្យគណៈប្រតិភូមកទស្សនកិច្ចសិក្សាស្រាវជ្រាវពីផលិតកម្មពូជស្រូវហាយប្រិដ នៅខេត្តហ៊ូណានរយៈពេល២ថ្ងៃកន្លងមកនេះ។
លោករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលខេត្ត និងមជ្ឈមណ្ឌលសម្រេចបាន។
លទ្ធផលដែលទទួលបានពីដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាខេត្តហ៊ូណាន មជ្ឈមណ្ឌល និងវិស័យឯកជននឹងខិតខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយគាំទ្រ និងអភិវឌ្ឍវិស័យកសិកម្មតាមរយៈជម្រុញគម្រោងផលិតកម្មពូជស្រូវហាយប្រិដ ធ្វើដាំដុះ និងនាំចេញឲ្យទទួលបានជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រ ផ្លូវមួយ ខ្សែក្រវាត់មួយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញការនាំពេញស្រូវអង្ករ។
ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ បានផ្តល់ពុទ្ធិ និងបទពិសោធន៍ល្អៗជាច្រើនដែលអាចយក
មកធ្វើជាមូលដ្ឋានគ្រឹះក្នុងការកសាងគោលនយោបាយ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕