(កណ្តាល)៖ បន្ទាប់ពីមានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅរណ្តៅដីមួយកន្លែង ក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយពលរដ្ឋក្នុងភូមិ បានជីកស្រះស្រាប់តែប៉ះចំដើមឈើមួយដើមមានទំហំមុខកាត់១.២ម៉ែត្រ និងបានអះអាងថាជាដើមគគីនោះ នៅរសៀលថ្ងៃនេះ កម្លាំងជំនាញនគរបាលស្រុកខ្សាច់កណ្តាល បានចុះទៅដល់ទីតាំងដើមឈើខាងលើ និងមិនទាន់សន្និដ្ឋានថា ជាដើមឈើអ្វីមួយឱ្យច្បាស់លាស់នោះទេ។
លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្តាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ចំពោះករណីប្រជាពលរដ្ឋជីកដីប្រទះឃើញដើមឈើមួយដើមនេះ ខាងលោកមន្ត្រីលោកមិនទាន់សន្និដ្ឋានថាជាដើមអ្វីនោះឱ្យច្បាស់លាស់នោះទេ ព្រោះវាបានកប់នៅក្នុងដីយូរឆ្នាំពេក។
លោក ម៉ែន សុខឃឿន បានបន្តយ៉ាងដូច្នេះថា ខ្ញុំមិនមែនជាអ្នកជំនាញខាងនេះទេ ក៏ប៉ុន្តែតាមអ្វីដែលធ្លាប់ឃើញកន្លងមកដើមឈើនេះ មិនមែនជាគគីទេ ប្រហែលអាចជាដើមត្រសេកភ្នំ ឬដើមឈើអ្វីផ្សេង ក៏ប៉ុន្តែមើលតាមសភាពឈើកប់ដីដែលមានជម្រៅរហូត៣ម៉ែត្រនេះ មិនមានអាយុកាលតិចនោះទេ វាអាចច្រើនរហូតដល់រាប់រយឆ្នាំឯណោះ។
លោកអធិការ បានបញ្ជាក់ថា ម្ចាស់កម្មសិទ្ធលើដីនេះមានឈ្មោះ ធី នៅភ្នំពេញ ។ គាត់បានមកទិញដីតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ម្ចាស់ដីបានជួលឈ្មោះ យន ភារី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិ ឃុំខាងលើ មកជីកដីធ្វើស្រះយកត្រីបឹងធម្មជាតិ លុះជីកបាន០១ថ្ងៃ ក៏ប្រទះឃើញឈើ០១ដើមឈើមួយដើម ដែលកប់នៅក្នុងដី ដែលមានទំហំមុខកាត់១.២ម៉ែត្រ មានបណ្ដោយប្រវ៉ែង១៤ម៉ែត្រ ហើយនៅសល់ខាងចុងកប់ក្នុងដីប្រហែលជា១៥ម៉ែត្រ កប់ជម្រៅប្រហែល០៣ម៉ែត្រ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងតែម្តង។
ទទឹមនឹងនេះ តាមសំដីប្រជាពលរដ្ឋចូលទៅមើល បាននិយាយថា ដើមត្រសេកភ្នំ ខ្លះថា ដើមឃ្លិច ខ្លះថាដើមគគី។ តាមប្រភពពត៌មានពីម្ចាស់ដី គាត់ចង់ឱ្យអ្នកបើកគ្រឿងចក្រ កាយកប់ទៅវិញ បើទោះបីមានឧកញ៉ាម្នាក់ ចង់ចែកទិញយក តែម្ចាស់ដីប្រាប់ថាមិនលក់ទេ គឺកប់ទៅវិញ។
ជាមួយគ្នានេះលោក ជា ហុន មេភូមិស្វាយមាស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះថា ពាក់ព័ន្ធប្រទះឃើញដើមឈើដ៏ធំកប់នៅក្នុងដីជម្រៅប្រហែល៣ម៉ែត្រខាងលើនេះ លោករួមជាមួយចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិបានសន្និដ្ឋានដូចៗ គ្នាជាជំហ៊ានដំបូងថា ជាដើមគគី ក៏ប៉ុន្តែមិនប្រាកដច្បាស់លាស់នោះទេ ព្រោះវាមានសភាខ្មៅ ដោយសារកប់នៅក្នុងដីជ្រៅ និងមានរយៈពេលយូរឆ្នាំ។
សូមជម្រាបថា ទីតាំងក្នុងតំបន់ព្រះវិហារសួគ៌ ជាតំបន់ប្រវត្តិសាស្ត្រ និងតំបន់ដ៏ពិសិដ្ឋសម្រាប់អ្នកគោរពជំនឿសាសនា ព្រមទាំងជាសក្ការៈបូជាបែបព្រះពុទ្ធសាសនាផងដែរ ហើយកន្លែងនេះ បានបង្កប់នូវអបិយជំនឿយ៉ាងច្រើនដែលបានបន្សល់ ទុកតាំងពីបុរាណកាលរហូតដល់សព្វថ្ងៃនេះផងដែរ៕