(ភ្នំពេញ)៖ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ដែលគេជឿថា ជ្រោមជ្រែងដោយ លោក គង់ គាំ ជាឪពុករបស់លោក នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ បានរំពឹងថា ការបោះឆ្នោតនៅពេលខាងមុខ នឹងមិនមានបញ្ហាអ្វីកើតឡើងទេ ដោយសារតែលោកមើលឃើញថា មានគណបក្សនយោបាយច្រើនចូលរួម និងមានសហគមន៍អន្តរជាតិគាំទ្រ ក្នុងនោះមានទាំងប្រទេសជប៉ុនជាម្ចាស់ជំនួយផងដែរ។
លោក គង់ មុនីកា បានអះអាងអំពីការព្យាករណ៍របស់លោកបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាននាទីស្នាក់ការកណ្តាល របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ អំឡុងពេលដែលលោកយកបញ្ជីឈ្មោះ និងបញ្ជីបេក្ខជន ទៅដាក់នៅ គ.ជ.ប ដើម្បីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោត នាចុងខែកក្កដា ខាងមុខនេះ។
ឆ្លើយតបនឹងសំណួរអ្នកព័ត៌មាន Fresh News នៅឯស្នាក់ការរបស់ គ.ជ.ប អំពីការអំពាវនាវរបស់ លោក សម រង្ស៊ី មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត លោក គង់ មុនីកា បានប្រដៅ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិថា នៅកម្ពុជា មិនអាចមានការផ្លាស់ប្តូរជាវិជ្ជមានណាមួយ ដែលពុំបានឆ្លងកាត់ការប្រកួតប្រជែងការបោះឆ្នោតឡើយ។ ជាមួយគ្នានេះលោកពន្យល់ថា លោក សម រង្ស៊ី គួរតែរៀបចំយុទ្ធសាស្រ្ត ដើម្បីប្រកួតប្រជែងដោយសន្តិវិធី។
ដោយឡែក សម្រាប់ការរិះគន់ពីអតីតថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ថាគណបក្សឆន្ទៈខ្មែរបស់លោក ជាគណបក្សអាយ៉ងវិញនោះ លោក គង់ មុនីកា ប្រកាសថា លោកនឹងធ្វើយុទ្ធនាការតាមរាជធានី ខេត្ត នៅទូទាំងប្រទេសដើម្បីផ្សព្វផ្សាយគោលនយោបាយឆន្ទៈខ្មែរ បំភ្លឺទៅកាន់អ្នករិះគន់ទាំងនោះ។ លោកចាត់ទុកថា អ្នករិះគន់ទាំងនោះ មិនបានយល់ច្បាស់អំពីគោលនយោបាយរបស់ គណបក្សឆន្ទៈខ្មែរនោះឡើយ។
គណបក្សឆន្ទៈខ្មែរ ត្រូវបានប្រកាសចុះបញ្ជីដោយ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបើកផ្លូវឱ្យគណបក្សនេះ ចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការសម្រេចចុះបញ្ជីជូនគណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយលោក គង់ មុនីកា កូនប្រុសលោក គង់ គាំ នេះ បានធ្វើឡើងបន្ទាប់ពីគណបក្សថ្មីនេះ ប្រមូលស្នាមមេដៃសមាជិកគ្រប់ចំនួន៤ពាន់ ដាក់ជូនក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨។
បើតាមលោក គង់ មុនីកា ស្ថាបនិក និងជាប្រធានគណបក្សនេះ បានឱ្យដឹងថា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ប៉ុន្តែស្ថានិបទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ។ លោក គង់ មុនីកា ដែលជាកូនប្រុសពៅរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី មានបំណងចង់ឱ្យគណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹង អតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ៕