(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា ក្នុងនាមយុវជនជំនាន់ក្រោយ ក្រុមគ្រួសារ ស.ស.យ.ក សូមប្តេជ្ញាចិត្តក្នុងការបន្តចូលរួមទទួលខុសត្រូវ ចំពោះជោគវាសនារបស់ប្រទេសជាតិ ដោយត្រៀមខ្លួនជានិច្ច ដើម្បីការពារកម្ពុជា ពីការគម្រាមកំហែងគ្រប់បែបយ៉ាងទាំងក្នុង និងក្រៅប្រទេស ជាពិសេសការជ្រៀតជ្រែកពីខាងក្រៅ ដែលនាំឱ្យប៉ះពាល់ដល់ភាពជាម្ចាស់ជោគវាសនាជាតិ របស់ប្រជាជនកម្ពុជា និងប្តេជ្ញាចូលរួមថែរក្សា និងគាំពារដល់ភាពសុខដុមរម្យនា និងការអភិវឌ្ឍប្រទេសក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។
ប្រធាន ស.ស.យ.ក បានថ្លែងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក និងអង្គការស្ថាប័នជាដៃគូចំនួន៦៦០នាក់ បានរៀបចំ «ពិធីថ្វាយព្រះពរ”» ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប៦៥ យាងចូល៦៦ព្រះវស្សា។
កម្មវិធីនេះត្រូវបានធ្វើឡើង ដើម្បីសម្តែងនូវកត្តញ្ញូកតវេទិតាធម៌ យ៉ាងស្មោះស្ម័គ្របំផុតចំពោះព្រះមហាក្សត្រ ដែលបានលះបង់ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌របស់ព្រះអង្គ ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាពសង្គម និងការងារកិច្ចការបរទេស នាពេលកន្លងមក។
នៅចំពោះមុខព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៃកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ និងស្របតាមគន្លងព្រះមហាករុណាទិគុណ និងព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស.ស.យ.ក ប្តេជ្ញាបន្តបេសកកម្ម សប្បុរសធម៌ វប្បធម៌ និងសង្គមរបស់ខ្លួន ដើម្បីបុព្វហេតុរួបរួមជាតិ សាមគ្គីភាព ភាតរភាព ជាក្រុមគ្រួសារខ្មែរក្នុងទិសដៅតែមួយ គឺជំរុញឯកភាពជាតិ ក្នុងការការពារបូរណភាពដែនដី ការពង្រីកវប្បធម៌សន្តិភាព ការផ្សះផ្សារ បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការចូលរួមចំណែកការពាររដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្ក សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដើម្បីកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច សមធម៌សង្គម ព្រមទាំងការបន្តលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ៕