(ភ្នំពេញ)៖ ឱសានវាទសម្រាប់គណបក្សនយោបាយក្នុងការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ត្រូវបានបិទបញ្ចប់ហើយនៅវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ តាមកាលបរិច្ឆេទដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់នោះ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងការចុះបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ពោលការចុះបញ្ជីនេះមានរយៈពេល ១៥ថ្ងៃ។
តាមសេចក្តីប្រកាសរបស់ គ.ជ.ប គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ មានគណបក្សសរុបចំនួន២០ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមានគណបក្សចំនួន៤ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ។ គណបក្ស៤នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សរួបរួមជាតិ។
គណបក្សដែលចុះឈ្មោះចុងក្រោយគេបង្អស់គឺគណបក្សខ្មែរក្រោក។ សូមបញ្ជាក់ថា ក្រោយពីបិទបញ្ចប់ការចុះឈ្មោះគណបក្សលោក ឌឹម សុវណ្ណរុំ សមាជិក និងអ្នកនាំពាក្យ គជប បានធ្វើសន្និសិទកាសែតបង្ហាញពីលទ្ធផលនៃការចុះឈ្មោះគណបក្សដល់បណ្តាសារព័ត៌មាននានា៕