(កំពង់ធំ)៖ លោក ជា បូរ៉ា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ បានថ្លែងប្រាប់ប្រធានក្រុម-អនុប្រធានក្រុមបក្ស និងសាខាបក្សភូមិ ក៏ដូចជាប្រកាសប្រាប់ដល់ប្រជាពលរដ្ឋទូទៅថា ការសម្រេចគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រឲ្យមានសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោក ជា បូរ៉ា ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមបក្ស-អនុប្រធានក្រុមបក្ស និងសាខាបក្សភូមិប្រមាណ ៣០០នាក់ នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោកបានលើកឡើងអំពីស្នាដៃ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានលះបង់សាច់ស្រស់ឈាមស្រស់រំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បង្រួបបង្រួមជាតិ ខិតខំស្វែងរក និងថែរក្សាការពារសុខសន្តិភាព ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ផ្ដល់ឱកាសការងារជាច្រើន និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកពន្យល់ប្រាប់សមាជិកបក្សថា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាបានកសាងនូវសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធអប់រំ ប្រព័ន្ធធារាសាស្ត្រ ការទំនុកបម្រុងផ្នែកសាសនាជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដំឡើងប្រាក់ខែជូនកម្មករនិយោជិត មន្ត្រីរាជការ ខិតខំទាក់ទាញការវិនិយោគបរទេស បង្កើនការនាំចេញ ទាក់ទាញភ្ញៀវទេសចរជាដើម។
លោកបានណែនាំដល់ប្រធានក្រុមបក្ស-អនុប្រធានក្រុមបក្ស និងសាខាបក្សភូមិ ត្រូវបន្តពន្យល់ប្រាប់សមាជិកបក្ស និងប្រជាពលរដ្ឋកុំឲ្យជឿតាមការឃោសនាបំភ្លៃ លាបពណ៌មកលើគណបក្សប្រជាជនកម្ពុជា ពីសំណាក់ក្រុមប្រឆាំង ដែលមានចេតនាប៉នប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ ក៏ត្រូវពន្យល់បង្ហាញពីកត្តាសន្តិភាព ស្ថិរភាព សមិទ្ធផលនានា ដែលជាការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ប្រាប់ទៅប្រជាពលរដ្ឋផងដែរ។
លោកថែមទាំងបានណែនាំដល់ប្រធានក្រុមបក្ស-អនុប្រធានក្រុមបក្ស និងសាខាបក្សភូមិ ឲ្យបកស្រាយប្រាប់ប្រជាពលរដ្ឋកុំឲ្យជឿតាមការឃោសនារបស់ក្រុមប្រឆាំង ដែលញុះញង់មិនប្រជាពលរដ្ឋទៅបោះឆ្នោត នាពេលខាងមុខ ព្រោះការញុះញង់ជាការបំពានសិទ្ធិពលរដ្ឋ ជាសកម្មភាពខុសច្បាប់ ខុសឆន្ទៈប្រជាពលរដ្ឋ។
មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវឲ្យប្រធានក្រុមបក្ស-អនុប្រធានក្រុមបក្ស សាខាបក្សភូមិ និងសមាជិកបក្ស ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ពោលត្រូវធានាឲ្យបាន «សមាជិកបក្សម្នាក់ សន្លឹកឆ្នោតគាំទ្របក្សប្រជាជនមួយសន្លឹក»។ ម្យ៉ាងទៀត ត្រូវជំរុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ ពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាប់ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី បន្តដឹកនាំនាវាកម្ពុជាទៅរកការអភិវឌ្ឍបន្តទៅមុខ ក៏ដូចជាដើម្បីបន្តរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ៕