(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជាង៤ពាន់នាក់ នៅស្រុកបឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ បានបញ្ជូនក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន២៩៧នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅវត្តអង្គសំរិទ្ធ ហៅវត្តត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ ចំនួន៤,២១២នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ២១៧នាក់, ជំងឺស្រ្តី១៩៨នាក់, ជំងឺផ្លូវចិត្ត១១៧នាក់, ជំងឺឫសដូងបាត១១៦នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៨៦នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩២នាក់, ជំងឺភ្នែក៧២នាក់, ជំងឺសើរស្បែក៨៣នាក់, ជំងឺទឹកនោមផ្អែ១២០នាក់, ជំងឺមាត់ធ្មេញ១៧៤នាក់, ព្យាបាលរបួសនិងវះកាត់តូច៤៦ និងជំងឺទូទៅ២,៧៧៣នាក់ ។
ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយចំពោះពលរដ្ឋរស់នៅស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយសារតែមានការយកចិត្តទុកដាក់បញ្ហាសុខភាពរបស់ប្រមុខរដ្ឋាភិបាល នៅតាមទីដាច់ស្រយ៉ាល់ ទាំងអស់នេះហើយក៏ត្រូវបានប្រជាពលរដ្ឋមានស្ញប់ស្ញែង និងថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខដឹកនាំប្រទេសនាពេលសព្វថ្ងៃនេះ។
លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព មុននឹងរដូវភ្លៀងឈានចូលមកដល់នៅពេលខាងមុខនេះ ជាពិសេសនោះគឺការពិសារអាហារប្រចាំថ្ងៃនោះគឺ «ហូបស្អាត ផឹកស្អាត និងគេងស្អាត» ទាំងនេះជាធាតុចូលគ្នា នាំឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺប្រចាំកាយរបស់ពួកគាត់។
លោកបន្ថែមថា ការដែលប្រជាពលរដ្ឋសុខភាពល្អ ធ្វើឲ្យពួកគាត់ប្រកបការងារបានល្អ ដែលជាហេតុនាំឲ្យសេដ្ឋកិច្ចគ្រួសារដំណើរការទៅបានល្អ នោះនាំឲ្យសេដ្ឋកិច្ចជាតិ កាន់តែវិវឌ្ឍទៅមុខបានយ៉ាងល្អប្រសើផងដែរ។
ក្រុមគ្រូពេទ្យស័គ្រិចិត្ត លោក ហ៊ុន ម៉ានី កើតចេញពីការសហការគ្នា ក៏ដូចជាទឹកចិត្តសប្បុរសលះបង់កម្លាំងកាយចិត្ត របស់បងប្អូន គ្រូពេទ្យ វេជ្ជបណ្ឌិត និងប្អូនៗនិស្សិត នៅកម្ពុជា ដោយមានការចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសហការដោយ លោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ រួមនឹងមានការចូលរួមសហការផ្សេងទៀត។
លោក ម៉ន មន មានវ័យ៣២ឆ្នាំ រស់នៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងមានជំងឺរលាកក្រពះ និងពោះវៀន បានថ្លែងឲ្យដឹងថា រូបគាត់ពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកព្យាបាលរូបគាត់ និងប្រជាពលរដ្ឋ ជិតផ្ទះសម្បែងរបស់គាត់ ហើយនេះជាលើកទី១សម្រាប់គាត់ហើយដែលទទួលការពិនិត្យ និងព្យាបាលមិនអស់លុយ ហើយថែមទាំងឲ្យថ្នាំមិនគិតប្រាក់ទៀតផង។
លោកបានបន្តថា «ការដែលគេមិនយកលុយនេះ វាធ្វើឲ្យខ្ញុំចំណេញពេលវេលា និងថវិកាច្រើនណាស់ ក៏ដូចជាការពិនិត្យយ៉ាងហ្មត់ចត់ថែមទៀតផង ហើយជាចុងក្រោយនេះ ខ្ញុំចង់ឲ្យពួកគាត់ឧស្សាហ៍មកទៀត ដើម្បីជួយព្យាបាលប្រជាពលរដ្ឋ ដែលគាត់មិនមានលុយគ្រប់គ្រាន់ទៅព្យាបាល នៅឯខេត្ត ឬភ្នំពេញ»។
អ្នកស្រី ពុយ រ៉ន មានវ័យ៥៤ឆ្នាំ រស់នៅភូមិក្រាំងត្បែង ស្រុកឱរ៉ាល់ ចុករោយឆ្អឹងខ្នង ឈឺភ្នែក និងការរាំងរដូវ(រោគស្រ្តី) បានលើកឡើងស្រដៀងនឹង លោក ម៉ន មន ដែលថា «នៅពេលដែលមានក្រុមគ្រូពេទ្យ ចុះមកព្យាបាលជំងឺចដោយឥតគិតថ្លៃបែបនេះ ចំណេញខ្លាំងណាស់ដល់ពួកខ្ញុំជាពិសេសលុយតែម្ដង»។
ស្រ្តីវ័យ៥៤ឆ្នាំ រូបនេះ បានបន្តថា គាត់ពិតជាសប្បាយចិត្តពន់ពេកដោយសារតែ មានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំប្រទេស ដែលបានយកឧស្សាហ៍ដល់ពួកគាត់នៅតាមតំបន់ដាច់ស្រយ៉ាល ជាពិសេសបញ្ហាសុខភាព។ អ្នកស្រីបន្ថែមថា «ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យលោក ហ៊ុន ម៉ានី ជួបតែសំណាងល្អ គ្រប់ប្រការ និងឆាប់មកព្យាបាលពួកខ្ញុំទៀត»។
ជាចុងក្រោយនោះ ពលរដ្ឋទាំង២រូប ដែលរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្តែងការថ្លែងអំណរគុណ ដល់លោក ហ៊ុន ម៉ានី ដែលមានទឹកចិត្តសប្បុរសដោយបានបញ្ជូនក្រុមការងារគ្រូពេទ្យ មកព្យាបាល និងឲ្យថ្នាំពិសារមិនគិតប្រាក់ពីពួកគាត់ ជាងនេះទៅទៀតនោះពលរដ្ឋទាំង២រូបនោះ ក៏បានស្នើរដល់ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក លេង ផាលី ឲ្យឧស្សាហ៍ចុះមកព្យាបាលដល់ស្រុករបស់ពួកគាត់ ទៅតាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថារយៈពេល៦៥ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,៥១១នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៤២លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៩៣,១៥៨នាក់(ម្ភៃប្រាំបួនម៉ឺន បីពាន់ មួយរយហាសិប ប្រាំបីនាក់)។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕