(ភ្នំពេញ)៖ ប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដែលបានដណ្តើមបានមេដាយសរុប ចំនួន២១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតជើងឯកប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៨ ដែលមានប្រទេសម៉ុងហ្គោលីធ្វើម្ចាស់ផ្ទះ នឹងត្រឡប់មកដល់កម្ពុជាវិញស្អែកនេះ។
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ក្រុមអត្តពលិកតេក្វាន់ដូ ITF កម្ពុជា ឈ្នះមេដាយសរុបបាន២១គ្រឿង ក្នុងនោះមេដាយមាស៨គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៨គ្រឿង ក្រោមកីឡាករកម្ពុជាដែលចូលរួមប្រកួតមាន៣ប្រភេទគឺ ប្រភេទមនុស្សចាស់ ប្រភេទយុវជន គឺប្រភេទក្មេងពីអាយុ១១ ដល់១៤ឆ្នាំ»។
លោក កែវ រ៉េមី បានបញ្ជាក់ថា ការប្រកួតប្រភេទមនុស្សចាស់ កម្ពុជាទទួលបានលេខ៣ ជាមួយនឹងឈ្នះមេដាយសំរិទ្ធ និងទទួលបានជើងពានសម្រាប់ប្រទេសលេខ៣ ផងដែរ ស្របក្រុមយុវជនដែលទទួលបានមាសច្រើន ជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានជើងពាន បន្ទាប់ពីកូរ៉េខាងជើងដែលម្ចាស់ក្បាច់គុនតេក្វាន់ដូ ITF ឈរនៅលេខ១ ទទួលបានមេដាយមាស។
ក្នុងចំណោមអត្តពលិកសរុប ២៤នាក់ដែលកម្ពុជាបានបញ្ជូនចូលរួមប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី នៅម៉ុងហ្គោលី ដែលចាប់ផ្ដើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ កីឡាករវ័យក្មេង សុភ័ក្រ្ត ចាន់ឧត្តម ធ្វើការល្អជាងគេ ដោយបានឈ្នះមេដាយមាសដល់ទៅ ២គ្រឿង និងមេដាយប្រាក់ជាច្រើនទៀតពីការសំដែងមេគុន និងប្រយុទ្ធ និងទទួលបានជើងពានសម្រាប់ប្រទេសមួយ ជាមួយនឹងពាន The Best Player Junior Championship ប្រចាំព្រឹត្តិការណ៍ដែលមាន ៤២ប្រទេសចូលរួម៕