(ឧត្តរមានជ័យ)៖ អ្នកជិះម៉ូតូ៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីត្រូវរថយន្តបាឡែនមួយគ្រឿង ដែលបើកលឿនដូចហោះបុក នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង១២៖៣០ នាទី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ។
សមត្ថកិច្ចនគរបាលចរាចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ ឱ្យដឹងថា រថយន្តកាមារីបាឡែន មានពណ៌ខ្មៅ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2K-6462 បើកបរដោយឈ្មោះ ស្រីម វី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស)។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-5202 ។ ម៉ូតូនេះមានអ្នករួមដំណើរប្រុសស្រីចំនួន ៤នាក់ ក្នុងនោះមានទាំងកុមារផងដែរ ដែលស្លាប់ទាំងអស់តែម្តង បន្ទាប់ពីត្រូវរថយន្តបុកភ្លាមៗ ប៉ុន្តែអ្នកស្លាប់ទាំងនេះ មិនទាន់រកឃើញអត្តសញ្ញានៅឡើយទេ។
បើតាមសមត្ថកិច្ចមូលដ្ឋាន ដែលស្រង់ព័ត៌មាននៅជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា មុខពេលកើតហេតុ គេឃើញរថយន្តកាមរីបាឡែនខាងលើ ជិះបញ្ច្រាសទិសគ្នាជាមួយម៉ូតូដែលមានគ្នា៤នាក់ លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយគ្នា ពេញទំហឹងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីបើកបររថយន្តល្បឿនលឿនលើសកំណត់។
សាកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងវត្តអារាម រង់ចាំក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕