(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងលោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងបញ្ហាកក់ស្ទះចរាចរណ៍ផ្សេង ដោយសារការចតរថយន្ត និងរទះអូសគ្រប់ប្រភេទ ដែលគ្មានសណ្តាប់ធ្នាប់នៅចំណុចរង្វង់ឋានសួគ៌ប៉ោយប៉ែត រហូតដល់ផ្លូវចូលធនាគារអេស៊ីលីដា ។
លោកសាន ស៊ានហូ បានថ្លែងថា «គ្រាន់តែមិនបានមកពិនិត្យអស់រយៈពេលប្រមាណតែជិត១ខែសោះ បែរជាសណ្តាប់ធ្នាប់មិនល្អ អនាម័យក៏មិនស្អាតសោះ ឬមិនទុកពេលឲ្យអាជ្ញាធរយើងទៅធ្វើថ្នល់ចាក់គ្រួស ឲ្យប្រជាពលរដ្ឋដាច់ស្រយ៉ាលខ្លះទេអី ហេតុអីបានអស់លោក អ្នកបើកបរ កម្មករអូសរទះ អ្នកលក់បាយមិនព្រមជួយគ្នាសោះ តើឲ្យខ្ញុំធ្វើយ៉ាងណាទៀត?»។
លោកអភិបាលបានថ្លែងបន្តថា ប្រសិននៅតែផ្គើនច្បាប់របស់រដ្ឋបាលក្រុង ឈប់ចតគ្មានសណ្តាប់ធ្នាប់បែបនេះ ចាប់ពីម៉ោងនេះតទៅ រដ្ឋបាលយើងចាត់ការ តាមផ្លូវច្បាប់ជាធរមានហើយ ព្រោះយើងបានជូនដំណឹងជាច្រើនសារ ច្រើនដងហើយ ដល់ពេលចាត់ការហើយ បើយើងធ្វើទៅមិនថាទេ យើងធ្វើនេះដើម្បីប្រយោជន៍រួម ដើម្បីមុខមាត់ប្រទេសជាតិ។
លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា ស្រុកថៃនៅផ្សាររុងក្លឿរនាំគ្នានិយាយមិនដាច់ពីមាត់ឡើយ ស្អាតណាស់ ទាំងអស់នេះ ជាកត្តារបស់មនុស្សយើង បើយើងនាំគ្នារក្សាអនាម័យ សណ្តាប់ធ្នាប់ទាំងអស់គ្នានៅក្នុងទឹកខ្មែរបាន។
តាមមតិរបស់ប្រជាពលរដ្ឋជាច្រើននាក់ បានយល់ឃើញថា ទាំងអស់នេះគឺ ចរាចរណ៍នៅក្រុងប៉ោយប៉ែត នៅតែគ្មានសណ្តាប់ធ្នាប់ និងគ្មានអនាម័យ ព្រោះប្រជាពលរដ្ឋមិនចូលរួម និងសហការជាមួយអាជ្ញាធរ ពលរដ្ឋខ្មែរមានចំនួនច្រើន ដែលមិនគិតពីប្រយោជន៍រួម ប្រយោជន៍ប្រទេសជាតិ ដោយពឹងតែទៅលើអាជ្ញាធរ ឬរដ្ឋាភិបាល គឺថានៅមានរបៀបនេះច្រើនណាស់។
ប្រជាពលរដ្ឋបាននិយាយថា «ពួកខ្ញុំគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់លោកអភិបាលក្រុងប៉ោយប៉ែត តែគួរមានសេចក្តីណែនាំបិទប្រកាស ផែនការចាត់ចែងច្បាស់លាស់ និងយន្តការសំខាន់ៗ ការចុះណែនាំនេះនឹងពុំមានប្រសិទ្ធភាពខ្លាំងទេ និងវិលទៅរកស្ថានភាពដដែលបន្ទាប់ពីលោកអភិបាលត្រឡប់ទៅវិញ»។
មតិមួយចំនួនទៀតបានលើកឡើងដែរថា ស្អាតតែ១ភ្លេត ស្អែកឡើងដដែល ព្រោះមនុស្សមិនដឹងមិនច្បាស់ ហើយហត់ទៀត រញ៉េរញ៉ៃ របៀបនេះនៅគ្រប់ទីកន្លែង លុះត្រាតែច្បាប់ចេញពីសភា ហើយសារាចរប្រកាសផ្សាយរហូត ត្រូវមានបេនឡាន បេនម៉ូតូឌុប រីម៉ក អ្នកលក់អ្វីក៏ដោយត្រូវផាកពិន័យឲ្យច្រើនបើមិនគោរពច្បាប់បញ្ញតិ៕