(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានបុកគ្រឹះសាងសង់ផ្ទះ ស្រាប់តែប្រទះឃើញគ្រាប់បែក មិនទាន់ផ្ទុះមួយគ្រាប់ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា កម្មករសំណងដែលជាជាងធ្វើផ្ទះនោះ នៅមុនពេលកើតហេតុពេលកំពុងបុកគ្រឹះ ស្រាប់តែម្ចាស់ផ្ទះប្រទះឃើញ ប៉ុន្ដែមិនដឹងថាគ្រាប់បែកនោះទេ ក៏រើសគប់ទៅវាលខ្សាច់តែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។
ភ្នាក់ងារ Fresh News បន្ថែមថា បើតាមសមត្ថកិច្ចជំនាញគ្រាប់តែប្រជាពលរដ្ឋប្រទះឃើញនេះ ប្រភេទគ្រាប់ ប៊ុមប៊ី ដែលជាគ្រាប់បែកចង្កោម បន្សល់ទុកកាលពីសម័យសង្គ្រាម ហើយអាចផ្ទុះនៅកណ្ដាលលំហអាកាសបាន និងអាចផ្ទុះបានគ្រប់ពេល ប្រសិនបើគ្រាប់បែកនោះរមៀលទៅប៉ះចំរបស់រឹង ហើយក្នុងមួយគ្រាប់ពេលផ្ទុះមានចែកចាយគ្រាប់តូចៗ ដល់ទៅរាប់ពាន់គ្រាប់ឯណោះ និងមានអនុភាពខ្លាំង ចម្ងាយចាប់ពី៥០ ទៅ១០០ម៉ែត្រ។
បច្ចុប្បន្ននេះ សមត្ថកិច្ចមូលដ្ឋានបានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព រង់ចាំផ្នែកជំនាញ (ស៊ីម៉ាក់) យកទៅរក្សាទុក និងកម្ទេចចោលនៅពេលក្រោយ៕