(ឧត្តរមានជ័យ)៖ ភ្លៀងមួយមេធំលាយលំ និង​ខ្យល់កន្ត្រាក់ រន្ទះបាញ់ បានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ បណ្តាយឲ្យមនុស្ស២នាក់បានស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង នៅចំណុចវាលស្រែទ័ពសៀម ភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោក ម៉ែន លី ស្នងការនគរបាលខេត្តបានឲ្យដឹងនារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នេះថា ករណី​បាតុភូតរន្ទះ​បាញ់​កាលម្សិលមិញនេះ បានសម្លាប់មនុស្ស២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ ដែលជនរងគ្រោះទាំងនោះមានទី១៖ ឈ្មោះសុង ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ (ស្លាប់នឹងកន្លែង) ទី២៖ ឈ្មោះ ឈៀត ជួប ភេទប្រុស អាយុ២៥ ឆ្នាំ (ស្លាប់នឹងកន្លែង) ត្រូវជាកូន ទី៣៖ ឈ្មោះ សែ ឈៀត ភេទប្រុស អាយុ៤៧ ឆ្នាំ(រងរបួស) ត្រូវជាឪពុក ទី៤៖ ឈ្មោះ ឈៀត ណាន់ ភេទប្រុស អាយុ១៥ឆ្នាំ (រងរបួស)ត្រូវជាកូន​ ជនរងគ្រោះទាំង៤នាក់នេះរស់នៅភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះទី៥៖ ឈ្មោះ ម៉ោញ ម៉េត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (រងរបួស)

មូលហេតុនៃគ្រោះថ្នាក់នេះ កើតឡើងដោយសារ ជនរងគ្រោះទៅភ្ជួរស្រែ ហើយពេលមានភ្លៀងធ្លាក់ក៍នាំគ្នាទៅជ្រកក្រោមដើមឈើ ក៏ត្រូវរន្ទះបាញ់តែម្តង។ ករណីនេះដែរជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្តឧត្តរមានជ័យ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងនោះដែរលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាដល់​ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បន្តិច ព្រោះបាតុភូធម្មជាតិ​នេះឆ្នាំកាចណាស់ នៅពេលមានខ្យល់ ភ្លៀងត្រូវរក​ន្លែងណាមានសុវត្ថិភាព ហើយក្នុង​នោះដែរលោកអភិបាលខេត្ត​ក៏បានឲ្យ​ក្រុមការងារ នាំយកអំណោយកាកបាទក្រហមកម្ពុជាសាខាខេត្ត ចែកជូនដល់គ្រួសារសពចំនួន២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ២យួរ និងថវិកា ៦០ម៉ឺនរៀល ផងដែរ៕