(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ លោកឧកញ៉ា ដេវិដ ឆាណាយវ៉ា បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនគណៈគ្រប់គ្រងសាលាបឋមសិក្សាកំពង់ត្រាំង មានទីតាំងនៅក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

ការផ្តល់ជូននេះ គឺតបតាមការស្នើសុំរបស់ប្រជាជន និងអាជ្ញាធរដែនដី ដើម្បីយកមកចំណាយលើការចាក់ដី បំពេញបរិវេណសាលា និងសាងសង់សារជាថ្មី ជំនួសអគារសិក្សាចាស់ដែលបច្ចុប្បន្ននេះ មានសភាពទ្រុឌទ្រោមទៅហើយ។

សាលាបឋមសិក្សាកំពង់ត្រាំងនេះ ជាសាលាសហគមន៍សង់ពីឈើដំបូលប្រក់ស័ង្កសី មាន៣បន្ទប់ ដែលត្រូវបានបង្កើតតឡើងដោយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ឱកាសឲ្យកូនចៅអ្នកភូមិ បានចូលសិក្សានៅមូលដ្ឋានដាច់ស្រយាលមួយនេះ។

ក្នុងឱកាសនោះ អាណាព្យាបាលសិស្ស ប្រជាជន និងគណៈគ្រប់គ្រង់សាលា បានគោរពថ្លែងអំណរគុណប្រកប ដោយសេចក្តីគោរពនឹករឭកយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានយកចិត្តទុក្ខដាក់ រួមសុខ រួមទុក្ខ ជាមួយប្រជាជននៅទូទាំងប្រទស ជាពិសេស ដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ និងបានគោរពជូនពរសូមឲ្យសម្តេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារជួបតែសេចក្តីសុខ សុភមង្គល មានកម្លាំងពលំមាំមួន អាយុយឺនយូរ និងទទួលជ័យជម្នះគ្រប់ភារកិច្ចក្នុងបុព្វហេតុជាតិមាតុភូមិ៕