(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធបណ្តឹងករណីឆបោកប្រាក់ និងក្លែងឯកសារសាធារណៈ ស.ជ.ណ។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅតុលាការលោក សុជាតិ បានរាយការណ៍នៅរសៀលថ្ងៃនេះ។
ជនសង្ស័យមានឈ្មោះ លន់ តាំងគិន ស្នាក់នៅផ្ទះលេខ G29 ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចជំនាញ នៃការិយាល័យឲ្យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ។
យោងតាមពាក្យបណ្តឹងដែលមានដើមបណ្តឹងឈ្មោះ ដៀប វាសនា បានបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ឈ្មោះ លន់ តាំងគិន បានប្រាប់ថា គាត់ជាម្ចាស់ដើមអាកាស្យា ដែលបានដេញថ្លៃបានពីរដ្ឋ ហើយក្រសួងកសិកម្ម និងប្រគល់ ស.ជ.ណ ឲ្យទៅក្រុមហ៊ុននេះមានឈ្មោះថា «បុត្រខ្មែរអង្គរអភិវឌ្ឍន៍» (ខូអិលធីឌី) ដើម្បីកាប់ប្រមូលផល និងទទួលបន្តដាំដុះដើមអាកាស្យារបស់រដ្ឋចំនួន០៦ខេត្ត។
ក្នុងបណ្តឹងបណ្តឹងបញ្ជាក់ថា ដោយជឿលើការអះអាងនេះ ជនរងគ្រោះបានព្រមព្រៀងទិញដើមអាកាស្យាទាំងអស់ ក្នុងគោលបំណងលក់បន្តទៅក្រៅប្រទេស។ ប៉ុន្តែពេលនោះលោក លន់ តាំងគិន តម្រូវឲ្យប្រគល់ប្រាក់ចំនួន១៧ម៉ឺនដុល្លារ ដើម្បីរត់ការច្បាប់យក(ស.ជ.ណ) ហើយចំនួនទឹកប្រាក់នេះ ត្រូវបានប្រគល់ឲ្យគ្រប់ចំនួនដោយមានកិច្ចសន្យាលាយលក្ខ័អក្សរត្រឹមត្រូវតាមច្បាប់ ដែលជនរងគ្រោះបានប្រគល់ឲ្យទៅឈ្មោះ លន់ តាំងគិន ដោយផ្ទាល់ដៃ។
លុះដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ឈ្មោះ លន់ តាំងគិន បានយក (សជណ) ទីស្តីការគណរដ្ឋមន្រ្តី លេខ៥៥ស.ជ.ណ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ យកមកប្រគល់ឲ្យជនរងគ្រោះរួចប្រញ៉ាប់ចាកចេញទៅ។ ប៉ុន្តែក្រោយការត្រួតពិនិត្យពីមន្ត្រីដែលធ្វើការនៅទីស្តីការគណរដ្ឋមន្ត្រី បញ្ជាក់ថា នោះគ្រាន់ជាក្រដាសក្លែងក្លាយ ពោលមិនមែនជា (សជណ) ទេ។
ក្រោយបានដឹងថា ជាការបោកប្រាស់ឈ្មោះ លន់ តាំងគិន បានគេចខ្លួនហើយក៏មិនអាចទំនាក់ទំនងតាមទូរសព្ទ័រហូត ទើបជនរងគ្រោះស្វែងរកចាប់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ ជនរងគ្រោះសង្ឃឹមថា តុលាការនឹងមានចំណាត់ការលើបុគ្គលឹបោកនេះ ឲ្យបានធ្ងន់ធ្ងរតាមច្បាប់៕