(ហ៊ូណាន-ចិន)៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅខេត្តហ៊ូណា ប្រទេសចិន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំភាពជាដៃគូ ជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពូជស្រូវហាយប្រិដ ខេត្តហ៊ូណាន (Hunan Hybrid Rice Research Center) នៅទីស្តីការមជ្ឈមណ្ឌល ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។
លោកសាស្ត្រាចារ្យ Yuan Longping ស្ថាបនិកពូជស្រូវហាយប្រិដ បានលើកឡើងពីគោលបំណងចម្បងដំបូង របស់រដ្ឋាភិបាលចិន ក្នុងការបង្កើតពូជស្រូវហាយប្រិដ គឺដើម្បីធានាដល់ស្ថិរភាពស្បៀង អាហារក្នុងប្រទេស។ បច្ចុប្បន្ននៅប្រទេសចិនមានផ្ទៃដីដាំដុះពូជស្រូវហាយប្រិដជាង ១១លានហិកតា ដោយទទួលក្នុងមធ្យមប្រមាណជា៦.៤ តោនក្នុង១ហិកតា។
លោកសាស្ត្រាចារ្យបានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០១៥-២០២០ មជ្ឈមណ្ឌលបានដាក់ចេញនូវគោលដៅ សម្រេចឲ្យបានទិន្នផល១៥តោនក្នុង១ហិកតា។ ទន្ទឹមនឹងនេះ ដោយប្រទេសកម្ពុជា មានសក្តានុពលខ្ពស់ និងធនធានធម្មជាតិល្អប្រពៃ លោកសាស្ត្រាចារ្យរំពឹងថា ទិន្នផលនិងអាចឈានបានរហូតដល់៨-១២តោនក្នុង១ហិកតាផងដែរ។ ដូច្នេះលោកសាស្ត្រាចារ្យសន្យា នឹងផ្តល់មន្ត្រីជំនាញ និងបច្ចេកវិទ្យាទំនើបមកកម្ពុជា ហើយសង្ឃឹមរាជរដ្ឋាភិបាលកម្ពុជានឹងជួយសហការ និង
ជំរុញការដាំដុះពូជស្រូវហាយប្រិដឲ្យបាន ៣០-៤០ម៉ឺនហិកតា ដើម្បីធានាដល់សន្តិសុខ និងស្ថិរភាពស្បៀងអាហារពិភពលោក ជាពិសេសជំរុញការនាំចេញអង្ករ ពីកម្ពុជាឲ្យទទួលកម្រិតខ្ពស់ នៅក្នុងតំបន់អាស៊ីនាពេលខាងមុខ។
លោក វេង សាខុន រដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ការទទួលស្វាគមន៍ ដល់គណៈប្រតិភូយ៉ាងកក់ក្តៅពីភាគីមិត្តចិន រយៈពេលបំពេញទស្សនកិច្ច២ថ្ងៃកន្លងមកនេះ។
លោករដ្ឋមន្ត្រីបានជម្រាបជូនភាគីចិន អំពីវឌ្ឍនភាពនៃកំណើនវិស័យកសិកម្ម ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៧% អស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី វេង សាខុន ក៏បានបង្ហាញនូវឆន្ទៈសហការរួមគ្នា ខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ផលិត និងអនុវត្តពូជស្រូវហាយប្រិដដែលមានសក្តានុពលខ្ពស់ ទាំងគុណភាព រសជាតិសុវត្ថិភាព ប្រសិទ្ធភាព ទិន្នផលខ្ពស់ និងជាពិសេសឆ្លើយ
តបទៅនិងសេចក្តីត្រូវការពីទីផ្សារ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនគួរជាទីមោទនៈ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែលនោះ លោក វេង សាខុន បានអនុញ្ញាតឲ្យលោក Kong Xiang Jun ប្រធានក្រុមហ៊ុន Jiangsu Lianfa Group Co., Ltd និងសហការីចូលសម្តែងការគួរសម និងពិភាក្សាការងារស្តីពីបរិបទកំណែទម្រង់ក្នុងវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករកម្ពុជា។
តាមការរាយការណ៍ របស់លោកប្រធានក្រុមហ៊ុនបានឲ្យដឹកថា បច្ចុប្បន្នផែនការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យស្រូវអង្ករ ជាពិសេសលើពូជស្រូវហាយប្រិដ និងពូជស្រូវអង្ករកណ្តុលនៅកម្ពុជា បាននិងកំពុងអនុវត្តលើផ្ទៃដីប្រមាណជា ២០០ហិកតា នៅខេត្តពោធិ៍សាត់។
គោលបំណងផែនការ និងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុនដែលបាន និងកំពុងសម្រេចរួមមានជាអាទិ៍ ៖ ទី១ បានសាកល្បងធ្វើការដាំដុះ ដោយទទួលបានទិន្នផលខ្ពស់គួរឲ្យកត់សម្គាល់ ទី២ មានគម្រោងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងបង្កាត់ពូជស្រូវដែលមានសក្តានុពលខ្ពស់ ទាំងគុណភាពនិងទិន្នផល ទី៣ ជម្រុញការអនុវត្តទំនើបកម្មកសិកម្មក្នុងការដាំដុះ និងហេដ្ឋារចនាសម្ព័ន្ធដូចជាបង្កើតរោងចក្រសំងួត ស្តុក វេចខ្ចប់តាមស្តង់ដារ ដើម្បីធ្វើការនាំចេញ ទី៤ បង្កើតស្នាក់ការស្រែបង្ហាញ ទី៥ ផ្ដល់ពូជស្រូវដែលមានគុណភាព និងទីផ្សារជូនប្រជាកសិករធ្វើការដាំដុះ ទី៥ ផ្ទេរបច្ចេកទេសដាំដុះទំនើប និងប្រសិទ្ធភាពដល់ប្រជាកសិករ ទី៦ អនុវត្តផលិតកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករ
នាក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ ការយល់ដឹងយ៉ាងច្បាស់លាស់អំពីនីតិវិធី និងផែនការអភិវឌ្ឍដែលជាកន្លិះដ៏សំខាន់ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្មឲ្យបានពេញលេញ និងប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្មតាមរយៈការធ្វើទំនើបកម្មកសិកម្មយន្តុពាណិជ្ជកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីសម្រេចឲ្យបាននូវបំណងប្រាថ្នានាំចេញអង្ករឲ្យបាន ១លានតោនក្នុង ១ឆ្នាំ លើកស្ទួយជីវភាពប្រជាជន បន្តកំណើនសេដ្ឋកិច្ចជាតិ និងប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។
ជំនួបត្រូវបានបញ្ចប់ដោយភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន ៖
ទី១៖ សហការបង្កើតអនុស្សរណៈយោគយល់គ្នារវាងភាគី ទាំងពីរដើម្បីជម្រុញ និងអនុវត្តកិច្ចសហប្រតិបត្តិការល្អរួមគ្នា
ទី២៖ រួមគ្នាអនុវត្តទំនើបកម្មកសិកម្មឲ្យអស់លទ្ធភាព
ទី៣៖ ឯកភាពចុះពិនិត្យស្ថានភាព និងការអភិវឌ្ឍន៍ជាក់ស្ដែងនៃស្នាក់ការ និងមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន
ទី៤៖ សម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការធ្វើកសិកម្មតាមកិច្ចសន្យា
ទី៥៖ ចងក្រងឯកសារ ផែនការ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍វិស័យស្រូវអង្ករ៕