(កំពង់ស្ពឺ)៖ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានប្រាប់ទៅមន្ដ្រីអាវុធហត្ថក្រោមឱវាទថា ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រនូវចំណេះជំនាញ ដើម្បីយកចំណេះដឹង ទៅបម្រើប្រជាពលរដ្ឋ និងបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
ការលើកឡើងក្នុងពិធីបិទវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ដែលមានវត្តមានមេបញ្ជាការរង សេនាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ រួមទាំងសិក្ខាកាមប្រមាណជាង១០០នាក់។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់ថា ការបើកវគ្គហ្វឹកហ្វឺននេះ ស្របតាមផែនប្រចាំឆ្នាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទើបបញ្ជាការដ្ឋានចាត់តាំងបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញប្រចាំឆមាសទី១ ដើម្បីឲ្យនាយទាហាន នាយទាហានរងទទួលបានចំណេះដឹង ទទួលបានជំនាញ ពីលោកគ្រូយោធា លោកគ្រូឧទ្ទេសនាម ចំណេះដឹងច្បាប់ គ្រូបង្គោលអង្គភាព ដែលអង្គភាពបានជ្រើសរើសសម្រាប់បង្រៀនបំប៉នបន្ថែមជូនកម្លាំងក្នុងអង្គភាព។
លោកមេបញ្ជាការ បានបន្ថែមថា វគ្គបំប៉នលើកនេះ មានភាពល្អប្រសើរតាមរយៈការប្រឹងប្រែងរៀនសូត្ររបស់សិក្ខាកាម បើទោះនៅមានសិក្ខាកាមខ្លះ នៅមានសភាពខ្សោយមិនទាន់ទទួលបានចំណេះដឹងបានល្អ ក៏ត្រូវបានអង្គភាពតម្រូវឲ្យចូលរៀនសូត្របន្ថែមទៀត នៅវគ្គក្រោយទៀតដើម្បីឲ្យសិក្ខាកាម ទទួលបានចំណេះដឹងឲ្យបានគ្រប់ៗគ្នា។
ចំពោះវគ្គសិក្សាលើកនេះមានគ្រូឧទ្ទេសនាម ចំនួន១០រូប ក្នុងនោះលោកគ្រូយោធា មកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស០១រូប មកពីស្ថាប័នតុលាការចំនួន០២រូប មកពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តកំពង់ស្ពឺចំនួន០១រូប គ្រូបង្គោលក្នុងអង្គភាពចំនួន០៦រូប។
ចំពោះខ្លឹមសារមេរៀន ក្នុងវគ្គនេះមានមុខវិជ្ជាយោធា ចំនួន៣២ម៉ោង មុខវិជ្ជាកងរាជអាវុធហត្ថចំនួន៣២ម៉ោង មុខវិជ្ជាច្បាប់, បទវិន័យទូទៅ, អប់រំចិត្តសាស្ត្រ ចំនួន៤៨ម៉ោង ដែលសិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន១៤នាក់ ល្អបង្គួរចំនួន០៩នាក់ មធ្យមចំនួន០៥នាក់ ខ្សោយចំនួន០២នាក់៕