(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនី ប្រមាណ២,០០០នាក់ នៅឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះលោក ហ៊ុន ម៉ានី បានបញ្ជាក់ជូនបងប្អូនកម្មករ-កម្មការិនីថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងយកចិត្តទុក ដាក់ខ្ពស់ បំផុតចំពោះជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនី នឹងធានាដល់ការថែទាំសុខមាលភាព ដែលបច្ចុប្បន្ននេះ បងប្អូនទទួលបានការព្យាបាលជំងឺដោយមិនបង់ប្រាក់ទៀតផង។
ក្រៅពីនោះ កម្មការិនីជាស្ត្រីដែលមានកូនឆ្លងទន្លេ គឺមិនអស់ប្រាក់ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ដល់អ្នកសម្រាលកូន១ទទួលបានថវិកា៤០០,០០០រៀល សម្រាលបានកូនភ្លោះ២ទទួលបាន ៨០០,០០០រៀល និងសម្រាលបានកូនភ្លោះ ៣ទទួលបាន ១,២០០,០០០រៀល ព្រមទាំងទទួលបានថវិកាពី សម្តេចតេជោ ហ៊ុន សែន ចំនួន៥,០០០,០០០រៀល នឹងក្លាយជាចៅធម៌របស់សម្តេចទៀតផង។ លើសពីនេះទៅទៀត កម្មការិនី នឹងទទួលបានប្រាកឧបត្ថម្ភបន្ថែមចំនួន១២០ភាគរយ រយៈពេល៩០ថ្ងៃទៀតផង។
បើតាមលោក ហ៊ុន ម៉ានី នៅមានកិច្ចការជាច្រើនទៀតណាស់ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រាជាជនកម្ពុជា កំពុងយកចិត្តទុកដាក់ដូចជា ការធ្វើដំណើរ បញ្ចុះតម្លៃទឹកភ្លើងជាដើម ។ល។ ដើម្បីឲ្យរាជរដ្ឋាភិបាល មានឱកាសក្នុងការគិតគូរដំឡើងប្រាក់ឈ្នួល និងជួយដល់សុខមាលភាព បងប្អូនកម្មករ កម្មការិនីបន្តទៀត គឺចាំបាច់ត្រូវតែមានសន្តិភាពពេញលេញ ហើយគណបក្សប្រជាជនកម្ពុជា គឺបន្តដឹកនាំប្រទេសជាបន្តទៀត។
លោក ហ៊ុន ម៉ានី មានជំនឿជឿជាក់ថា កម្មករ កម្មការិនី នឹងបន្តបោះឆ្នោតគាំទ្រសម្តេច ហ៊ុន សែន ដើម្បីឲ្យសម្ដេចខិតខំបំពេញតម្រូវការជូនដល់បងប្អូនកាន់តែច្រើនថែមទៀត ហើយក៏បានផ្ដាំផ្ញើឲ្យកម្មករ កម្មការិនីកុំភ្លេចទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ជាមួយគ្នានោះ លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានផ្សព្វផ្សាយនៅគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នាពេលកន្លងមក។ យោងតាមរបាយការណ៍ មន្ទីរបានធ្វើសកម្មភាព ចុះផ្សព្វផ្សាយការងារនេះ បានប្រមាណជិត២០,០០០នាក់ ក្នុងកំឡុងពេលពីដើមឆ្នាំ រហូតមកដល់ពេលនេះ៕