(ភ្នំពេញ)៖ មហាសេដ្ឋីនៅប្រទេសកម្ពុជា នៅថ្ងៃនេះបាននាំគ្នាប្ដូរ Profile នៅលើ Facebook បង្ហាញជាសាធារណៈនូវឆន្ទៈការប្តេជ្ញាចិត្តទៅបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ និងដើម្បីជ្រើសរើស នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៦ផងដែរ។ ការបង្ហាញជំហរចូលរួមការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាសារដ៏មានតម្លៃ ដែលស្មើនឹងទាត់ចោលសម្តីអ្នកនយោបាយទាំងឡាយណាដែលប៉ុនប៉ងរារាំងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
មហាសេដ្ឋីមានជំនួញធំៗនៅកម្ពុជា ដែលបង្ហាញឆន្ទៈទៅចូលរួមការបោះឆ្នោតជាតិគឺរួមមាន៖ គ្រួសារអ្នកឧកញ៉ា គិត ម៉េង, លោកឧញ៉ា លី ហួរ, លោកឧកញ៉ា លី យ៉ុងផាត់ និងគ្រួសារ, លោកឧកញ៉ា កុក អាន និងគ្រួសារព្រមទាំងពាណិជ្ជករធំៗមួយចំនួនទៀត។
ការបោះឆ្នោតជាតិ៥ឆ្នាំម្តង គឺជាសិទ្ធិពេញលេញរបស់ពលរដ្ឋនៃប្រជាជាតិមួយក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន។ ប្រជាពលរដ្ឋម្នាក់មានសន្លឹកឆ្នោត១សន្លឹក។ សំឡេងឆ្នោតមួយសន្លឹក គឺជាតម្លៃនៃអនគតរបស់ពលរដ្ឋម្នាក់ៗផង និងជាការកំណត់វាសនាជាតិផងដែរ។
ការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណាមួយគឺជាសិទ្ធិសេរីភាពពេញលេញនិងផ្តាច់មុខរបស់ម្ចាស់ឆ្នោតម្នាក់ៗ។ ការសម្រេចចិត្តរបស់ពលរដ្ឋម្នាក់ៗ ក្នុងការគូសសន្លឹកឆ្នោត ក៏អាស្រ័យការវិនិច្ឆ័យលើ គុណភាព និងសមត្ថភាព ក្នុងការទទួលខុសត្រូវជោគវាសនាជាតិឲ្យមានសន្តិភាព ការអភិវឌ្ឍន៍ និងការរីកចម្រើនផងដែរ។
អ្នកប្រើប្រាស់បណ្តាញ Facebook បានលើកឡើងថា ចំពោះឆន្ទៈមហាសេដ្ឋីខាងលើ ហាក់គ្មានអ្វីអាថ៌កំបាំងទេ។ គេជឿថាមហាសេដ្ឋីខាងលើនិងក្រុមគ្រួសារនឹងបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជាបន្តទៀត។ មហាសេដ្ឋីខាងលើ គឺជាម្ចាស់ក្រុមហ៊ុនធំៗ និងមានបុគ្គិលរាប់ពាន់នាក់នៅក្នុងក្រុមហ៊ុន។
ការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ គឺនឹងមានគណបក្សនយោបាយយ៉ាងហោច២០គណបក្សចូលរួមប្រគួត។ នេះជាសេរីភាពខាងនយោបាយដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ បើទោះបីជា គុណភាពនិងសមត្ថភាពប្រធានបក្សខ្លះ ហាក់អន់ជាងម្ចាស់ឆ្នោត ឆ្ងាយនៅឡើយ។ ប៉ុន្តែនេះគឺជាប្រជាធិបតេយ្យបែបកម្ពុជា៕
បើយើងងាកទៅជ្រុងមួយទៀត នៃការប្ដូររូប Profile នេះក៏គេអាចវាយតម្លៃបានថា ពួកគាត់កំពុងប្រឆាំងនឹង ការញុះញង់របស់ក្រុម ឬបុគ្គលមួយចំនួន ពិសេសបុគ្គល សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យសោះ នៅពេលអវត្តមាន អតីតគណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ សម្រាប់ការញុះញង់របស់ពួកគេនោះ ហាក់កំពុងតែគ្មានប្រសិទ្ធភាពនោះទេ ព្រោះប្រជាពលរដ្ឋកម្ពុជានៅពេលបច្ចុប្បន្ន បានយល់កាន់តែច្បាស់អំពី តម្លៃនៃការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគុណតម្លៃសុខសន្ដិភាព ដែលកម្ពុជាកំពុងតែមាន៕