(ភ្នំពេញ)៖ លោកឧកញ៉ា សា លាង នាយកសហគ្រាស ហេង ដារា វិនិយោគផ្សារបានលុង ខេត្តរតនគិរី ដែលរងការរិះគន់ថា យកលុយភាស៊ីពីអ្នកដូរតាមកញ្ច្រែង កញ្ជើ ល្អីនោះ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមកបំភ្លឺថា ការរិះគន់នេះមិនពិតទេ ពោលតាំងពីឆ្នាំ២០១៤មក អ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីនេះ គឺលោកមិនឱ្យយកភាស៊ីទេ។

បើតាមលិខិតបំភ្លឺ ផ្ញើមកកាន់ការិយាល័យនិពន្ធរបស់អង្គភាព Fresh News, លោក សា លាង បានបន្ថែមថា សម្រាប់ករណីអាជីវករឈ្មោះ ស្រី មុំ ធ្វើអាជីវកម្មលក់បន្លែប្រចាំខែ-ឆ្នាំក្នុងតង់នៅផ្សារកន្លងមក ក៏មិនបានបង់ភាស៊ីដែរ ក្រោយមកគណៈកម្មការផ្សារ បានអញ្ជើញមកដោះស្រាយបញ្ហានេះ ហើយគាត់ក៏យល់ព្រមតាមការពិភាក្សាគ្នា។

សូមជម្រាបថា ការចេញមកបកស្រាយខាងលើនេះ របស់លោក សា លាង បានធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋមួយចំនួនដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅក្នុងផ្សារបានលុង ខេត្តរតនគិរី បានលើកឡើងថា លោកឧកញ៉ា សា លាង ដែលជាប្រធានផ្សារបានលុង កំពុងតែអនុវត្តផ្គើន ចំពោះសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានទាយកភាស៊ីពីពួកគាត់ ហើយបានប្រើក្រុមសន្តិសុខផ្សារដកហូត ឬចាក់បន្លែរបស់ពួកគាត់ចោលថែមទៀតផង ប្រសិនបើមិនឲ្យថ្លៃភាស៊ីពី ៥០០រៀល ទៅ១០០០រៀលនោះ៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់ លោកឧកញ៉ា សា លាង ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖