(តាកែវ)៖ កម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ និងក៏ជាការបន្តជ្រើសរើស នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ផងដែរ។ ឥឡូវនេះ ប្រជាជនកម្ពុជា ដែលជាម្ចាស់ប្រទេស បង្ហាញឆន្ទៈនិងការតាំងចិត្តទៅបោះឆ្នោតក៏កាន់តែច្រើនឡើង។
ចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជាគ្មានប្រវត្តិសាស្ត្រលើកពេលបោះឆ្នោតនោះទេ។ កម្ពុជា បានរៀបចំការបោះឆ្នោតជាទៀងទាត់ ដើម្បីផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាគ្រប់ៗរូបដែលមានសិទ្ធិបោះឆ្នោត មានឱកាសប្រើសិទ្ធិតាមរយៈសន្លឹកឆ្នោត ជ្រើសរើសមេដឹកនាំរបស់ខ្លួន។
ជាបន្តបន្ទាប់មកនេះ ប្រជាជនកម្ពុជា ភាគច្រើន បានសម្រេចបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេស ដែលមាន សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺកម្ពុជា បន្តដំណើរអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរដោយស្វាហាប់និងដោយកិត្តិយស ទាំងនៅឆាកជាតិនិងអន្តរជាតិ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាធានាបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រជាជនគ្រប់និន្នការនយោបាយនិងគ្រប់ៗរូប អាចរួមរស់នៅជាមួយគ្នា អនុវត្តសិទ្ធិសេរីភាពបានគ្រប់យ៉ាង អាចប្រកបរបរចិញ្ចឹមជីវភាព និងអាចធ្វើពាណិជ្ជកម្មទាំងក្នុងស្រុកនិងក្រៅស្រុកដោយសេរី។ ជាមួយគ្នានេះ មោទនភាពជាតិនៃកម្ពុជាតាមរយៈវិស័យ វប្បធម៌ សិល្បៈ អប់រំ កីឡា បានលេចឡើងជាបន្តបន្ទាប់គួរជាទីមោទនបំផុត។ ពេលនេះ យើងមិនត្រូវមើលរំលងទេថា ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចការនឿយហត់របស់ សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជា កសាងបាននូវគ្រឹះយ៉ាងរឹងមាំ សម្រាប់ការធ្វើដំណើរលើផ្លូវវែងឆ្ងាយយូរអង្វែងឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរទាំងបច្ចុប្បន្ននិងតទៅកូនចៅជំនាន់ក្រោយនៃកម្ពុជា។
ពិតណាស់ ស្របគ្នានឹងការដើរទៅមុខ ជ្រុងម្ខាងទៀតនៃកម្ពុជា ក៏ត្រូវបានព្យាយាមទាញបង្អាប់បង្អោនដោយ «ក្រុមប្រឆាំង» ទាំងស្របច្បាប់ និងមិនស្របច្បាប់នោះផងដែរ។ បក្សប្រឆាំងនៅកម្ពុជា មានវត្តមាននៅក្នុងការបោះឆ្នោតចាប់ពីឆ្នាំ១៩៩៨មក ក៏ប៉ុន្តែ បក្សប្រឆាំងចាញ់ឆ្នោតទាំង៤លើកជាប់ៗគ្នារហូតមកដល់សព្វថ្ងៃ។ បញ្ហារបស់ពួកប្រឆាំងនិងបក្សប្រឆាំងគឺនៅត្រង់៖
ទី១៖ មាត់ពួកគេទាមទារឲ្យមានការបោះឆ្នោត ក៏ប៉ុន្តែ សកម្មភាពពួកគេមិនដែលទទួលយកលទ្ធផលការបោះឆ្នោតនោះទេ។
ទី២៖ មាត់ពួកគេចង់បានដំណោះស្រាយ ក៏ប៉ុន្តែ ទង្វើពួកគេមិនដែលគោរពអង្គព្រះមហាក្សត្រនោះទេ និងមិនដែលទទួលយកដំណោះស្រាយខ្មែរនិងខ្មែរនោះទេ ពីព្រោះបក្សប្រឆាំងក៏ជាឧបករណ៍មនោគមន៍វិជ្ជាត្រជាក់របស់បរទេស។
ទី៣៖ មាត់ពួកគេនិយាយអំពីអធិបតេយ្យជាតិ ក៏ប៉ុន្តែ សម្មភាពពួកគេត្រុកៗ ថ្វាយបង្គំ យកបរទេសធ្វើជាគ្រូ ពីព្រោះចៅហ្វាយគេ គឺបរទេស។
ទី៤៖ មាត់ពួកគេនិយាយពីចង់បាននីតិរដ្ឋ ក៏ប៉ុន្តែ សកម្មភាពពួកគេ គឺបែបឧទ្ទាម មិនគោរពច្បាប់ និងប្រមាថបំពានតួនាទីអាជ្ញាធរ។
ទី៥៖ មាត់ពួកគេប្រកូកប្រកាសអាណិតប្រជាកសិករ ក៏ប៉ុន្តែ សកម្មភាពគេគឺបោកកសិករប្រមូលលុយ និងបោកកសិករឲ្យឡើងមកធ្វើបាតុកម្មតថ្លៃអំណាច ខាតពេល កសិករធ្វើស្រែចម្ការ។
ទី៦៖ ពួកគេនិយាយអំពីរកការងារឲ្យយុវជន ប៉ុន្តែសកម្មភាពគេបង្រៀនយុវជនឲ្យប្រើហិង្សា ជេរប្រមាថ ធ្វើឲ្យខូចសីលធម៌សង្គម។
ទី៧៖ ពួកគេមានអំនួនជាអ្នកទ្រឹស្តីសេដ្ឋកិច្ច តែចរិតរាក់កំផែល ដើរវាយឆ្នាំងបាយកម្មករគ្រប់ទីកន្លែង និងស្រែកអំពាវនាវកុំឲ្យគេទិញផលិតផលខ្មែរ និងផ្តាច់ទីផ្សារខ្មែរ។
ទី៨៖ ពួកគេមានអំនួតលើទ្រឹស្តីអភិវឌ្ឍន៍ ក៏ប៉ុន្តែ ពួកគេរស់នឹងមុខរបរនយោបាយ ហើយសូម្បីសង់សំយាបផ្ទះឲ្យប្រជាជនម្នាក់ ក៏គេនឹកមិនដល់ផង។
ទី៩៖ ពួកគេនិយាយពីសិទ្ធិនិងប្រជាធិបតេយ្យ ប៉ុន្តែ សកម្មភាពពួកគេរារាំងសិទ្ធិប្រជាជនមិនឲ្យទៅបោះឆ្នោត។
បញ្ហារបស់ពួកប្រឆាំងនៅមានច្រើនជាងនេះ ហើយនេះជាមូលហេតុដែល កម្ពុជា មិនអាចផ្ញើវាសនាលើបក្សប្រឆាំងបានទេ។ គេគ្មានភាពទទួលខុសត្រូវ។ គេគ្មានស្មារតីបង្រួបបង្រួមជាតិទេ។ ភាសារបស់គេគឺគំនុំ គុំគួន និងការសងសឹក។ លើសពីនេះ ពួកគេគ្មានសមត្ថភាពទ្រទ្រង់សភាពការណ៍សន្តិសុខប្រទេសជាតិបាននោះទេ។ បើសភាពការណ៍វឹកវរក្នុងប្រទេសជាតិកើតឡើង នោះពួកគេនឹងរត់ចោប្រទេសជាតិនិងប្រជាជនដូចដែល លន់ នល់ ធ្លាប់រត់ចោលអញ្ចឹង។ ហើយបើគេមានអំណាចក្នុងដៃ បើប្រជាជនមិនធ្វើតាមបង្គាប់គេ នោះច្បាស់ណាស់ពួកប្រឆាំងដែលពោរពេញដោយគំនុំ និងកំហឹង នឹងហ៊ានសម្លាប់ប្រជាជនឯងដូច ប៉ុល ពត។
ឥឡូវនេះ ដោយសារកំហឹងនិងគំនុំផ្ទាល់ខ្លួន គេ [ទណ្ឌិត សម រង្ស៊ី] បានប្រកាសរារាំងសិទ្ធិប្រជាជនមិនឲ្យទៅបោះឆ្នោត។ គេមិនខ្វល់ពីប្រជាជនទេ ប៉ុន្តែ គេគ្មានភាពអៀនខ្មាសើនឹងធ្វើអំពើបំពានបែបនេះ។ ប៉ុន្តែ នេះក៏មិនចម្លែកទេ ហើយសេនារីយោបោកប្រាស់បែបនេះ ក៏នឹងបរាជ័យ ដូចដែលគេបានបរាជ័យយ៉ាងអាម៉ាស់គ្រប់យ៉ាងជាបន្តបន្ទាប់មកហើយ។
ថ្ងៃនេះ ប្រជាជនកម្ពុជាសុំផ្ញើសារខ្លីទៅកាន់អ្នកនយោបាយទាំងអស់៖ ទាំងអ្នកនយោបាយវ័យឆ្លាត, អ្នកនយោបាយចាញ់ឆ្នោតចាស់វស្សា, អ្នកនយោបាយរត់ចោលស្រុក, អ្នកនយោបាយត្រូវច្បាប់ដកសិទ្ធិនយោបាយ, អ្នកនយោបាយខ្ចីបទពិសោធន៍ ទាំងឡាយសូមមេត្តាជ្រាបថា គ្មាននយោបាយ ឬសេនារីយោទុច្ចរិតណាអាចបំភ័ន្តឆន្ទៈប្រជាជនកម្ពុជាបានទេ។
«យើងខ្ញុំគ្មាន ទ្រឹស្តី សេនារីយោ នយោបាយ ១-២-៣- អីទេ ប៉ុន្តែយើងខ្ញុំមានឆ្នោតម្នាក់១សន្លឹក។ សន្លឹកឆ្នោត១សន្លឹកនេះ ខ្លាំងជាងសេនារីយោនយោបាយ ភូតភររាប់លានក្បាច់ទៅទៀត។ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺយើងខ្ញុំនឹងទៅបោះឆ្នោត ហើយបោះឲ្យអ្នកណា គឺអ្នកហ្នឹងដឹងតែជាប់ហើយ។ យើងរួមគ្នាបោះឆ្នោតឲ្យ គណបក្សដែលធ្វើជីវភាពយើងកាន់តែប្រសើរឡើង។ យើងរួមគ្នាបោះឆ្នោតឲ្យគណបក្សដែលមានសមត្ថភាព លទ្ធភាពរក្សាការពារសុខសន្តិភាពនៅកម្ពុជា។ យើងរួមគ្នាបោះឆ្នោតឲ្យគណបក្សដើម្បីកម្ពុជា នោះគឺបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា»៕