(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប តាមរយៈអង្គភាព Fresh News នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមកប្រកាសថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនបានពន្យាពេលនៃការចុះបញ្ជីគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នោះទេ។
បើតាមលោក ឌឹម សុវណ្ណារុំ ថ្ងៃនេះជាថ្ងៃបញ្ចប់នៃការចុះបញ្ជីគណបក្សនយោបាយហើយ, គិតត្រឹមម៉ោងនេះ (ព្រឹកថ្ងៃទី១៤ ខែឧសភា) មានគណបក្សនយោបាយចំនួន១២ បានដាក់ពាក្យរួចរាល់អស់ហើយ ក្នុងនោះ៤គណបក្ស បានចុះបញ្ជីរួចរាល់អស់ហើយ ខណៈរសៀលនេះ នឹងមានគណបក្សនយោបាយចំនួន៩ទៀត នឹងមកដាក់ពាក្យនៅ គ.ជ.ប។
អ្នកនាំពាក្យគ.ជ.ប រូបនេះថ្លែងច្បាស់ៗយ៉ាងដូច្នេះថា «គ្មានច្បាប់ណាដែលអនុញ្ញាតឲ្យ គ.ជ.ប ពន្យាកាលបរិច្ឆេទការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នេះទេ»។
លោក ឌឹម សុវណ្ណារុំ ក៏បានពន្យល់ពីនីតិវិធីផងដែរថា «បន្ទាប់ពី គ.ជ.ប ទទួលបានការដាក់ពាក្យរបស់គណបក្សនយោបាយ, គ.ជ.ប មានពេលមួយសប្ដាហ៍ ដើម្បីពិនិត្យ និងសម្រេច។ ក្នុងរយៈពេលនេះ ប្រសិនបើពិនិត្យឃើញថា មានការខ្វះចន្លោះឯកសារ គ.ជ.ប ចេញសេចក្ដីជូនដំណឹងឲ្យគណបក្សសាម៉ី បំពេញឯកសារបន្ថែម ហើយគណបក្សសាម៉ីមានពេល៥ថ្ងៃ បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងពី គ.ជ.ប ដើម្បីបំពេញបែបបទបន្ថែមដែលនេះជានីតិវិធីច្បាប់»។
សូមជម្រាបថា ការចេញមកប្រកាសរបស់អ្នកនាំពាក្យ ឌឹម សុវណ្ណារុំ បានធ្វើឡើងបន្ទាប់ពី កាសែតភ្នំពេញប៉ុស្ដិ៍ បានចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ ដោយដកស្រង់សម្ដីរបស់លោក ហង្ស ពុទ្ធា ថា «គ.ជ.ប ពន្យារការចុះឈ្មោះ គណបក្សចូលរួមបោះឆ្នោត ក្រោយពីមានបក្សតែ៤»។
កន្លងទៅនេះ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានច្បាស់លាស់ បានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយស្របតាមវិជ្ជាជីវៈរបស់ខ្លួនរួចមកហើយ ដើម្បីងាយស្រួលឲ្យអ្នកសារព័ត៌មានចុះផ្សាយ ជៀសវាងការភ័ស្ដុច្រឡំ ហើយលើសពីនេះទៀត អ្នកនាំពាក្យតែងតែឆ្លើយតបជាវិជ្ជមាន ចំពោះតម្រូវការរបស់អ្នកសារព័ត៌មាន៕