(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងសរុបចំនួន២៥នាក់ ដោយចាត់កម្លាំងជា២គោលដៅ នាថ្ងៃអាទិត្យ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព-ស ២៥៦២ ត្រូវនឹងថ្ងៃ១៣ ខែឧសភា ឆ្នាំ២០១៨។
គោលដៅទី១៖ ដឹកនាំដោយលោកវរសេនីយ៍ទោ កេត សុភ័ក្រ នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១២នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅ P6 លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី២៖ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណុប សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៣នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបតូតាល់ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុប បានចុះឃាត់រថយន្ដ និងម៉ូតូ ចំនួន៧៦គ្រឿង រួមមាន៖
១៖ អ្នកបើកបរម៉ូតូមិនពាក់មួក បានចំនួន៦០គ្រឿង ពិន័យទាំងអស់។
២៖ អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើល បានចំនួន៨គ្រឿង ពិន័យទាំងអស់។
៣៖ រថយន្តមិនពាក់ខ្សែក្រវ៉ាត់ បានចំនួន២នាក់ ពិន័យទាំងអស់។
៤៖ ជនជាតិចិន បើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិ មិនត្រឹមត្រូវចំនួន៦គ្រឿង ពិន័យចំនួន៤គ្រឿង (តាមអនុក្រឹត្យលេខ៤៤) នៅសល់រថយន្ត២គ្រឿង មិនទាន់ពិន័យរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕