(ក្រចេះ​)៖ ​យុវជនម្នាក់ជិះម៉ូតូ ទៅមួយគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ហេតុកាណ៍នេះ បាន​កើតឡើង​នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅដងផ្លូវ​ជាតិ​លេខ​៧​ ត្រង់ចំណុចភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

​លោក​ ចាន់​ ធី​ អធិការរងនគរបាលទទួលការងារសណ្ដាប់ធ្នាប់ ស្រុក​ចិត្រ​បុរី​ បាន​ថ្លែងថា ប្រាប់ Fresh News នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះឱ្យដឹងថា ​ជនរងគ្រោះមានឈ្មោះ សុខ ម៉េងហុង អាយុ១៨ឆ្នាំ។ ជនរងគ្រោះមានទីលំនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្តបុរី ខេត្តក្រចេះ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកគោយន្តកន្ត្រៃនៅនឹងកន្លែងកើតហេតុ។

​លោកអធិការរងរូបនោះបានថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបុកគោយន្តកន្រ្តៃ ដែលឈប់នៅលើផ្លូវជាតិ ក្នុងទិសដៅស្របគ្នាបណ្តាលឱ្យមនុស្សស្លាប់ម្នាក់។

បច្ចុប្បន្ន វត្ថុតាងបង្កទាំងពីរ ត្រូវបានកម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបានឃុំចង្ក្រង់ រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕