(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ពោធសមិទ្ធិផលនានា នៅវត្តអង្គជ្រៃ ហៅវត្តទន្លេកន្ទិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ។
សមិទ្ធដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នោះរួមមាន សាលាទទួលភ្ញៀវ២ខ្នង ក្លោងទ្វារ របងជុំវិញ និងចាក់ដីបំពេញទីធ្លាវត្ត ដងទង់១គូរ ផ្ទះបាយ១ខ្នង រោងដាក់រូបសំណាក់ឆ្នាំទាំង១២ ចេតីយ៍រួម ស្ដារស្រះទឹក និងបង្គោលភ្លើង និងជួលជុលដំបូលព្រះវិហារ ធ្វើដំបូលឧបដ្ឋានសាលាកុដិថ្ម សរុបថវិកាអស់ប្រមាណ៤៦ម៉ឺនដុល្លារអាមេរិក។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា សមិទ្ធផលនានាដែលមាន និងកំពុងទទួលផលនាពេលនេះ បានកើតឡើងនៅ ក្នុងទឹកដីកម្ពុជាពិត ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការខិតខំរួមគ្នាបង្កើតឡើង តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្នកម្ពុជាមិនមានវិបត្តិនយោបាយ ដូចជនអគតិនិយាយ នៅលើទំព័រ Facebook នោះទេ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកំពុងដើរលើផ្លូវត្រូវ ស្របពេលប្រទេសមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ មានអ្នកវិនិយោគិនបរទេស មកបណ្ដាក់ទុន និងបន្តមកជាបន្តបន្ទាប់លើគ្រប់វិស័យ មានកំណើនភ្ញៀវទេសចរអន្តរជាតិទស្សនា ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ដំណើរការបោះឆ្នោតសកលអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ នឹងប្រព្រឹត្តិទៅតាមប្រក្រតិទិនរបស់ គ.ជ.ប មិនមានការពន្យាពេលនោះទេ និងអំពាវនាវឲ្យប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត ដើម្បីការពារសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិឲ្យឆាប់រីកចម្រើន ដូចប្រទេសអភិវឌ្ឍន៍នានា លើពិភពលោក។ រួមគ្នាប្រឆាំងដាច់ខាតរាល់ការញុះញង់ របស់ជនអគតិមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ប្រជាធិបតេយ្យនៅកម្ពុជា ត្រូវរក្សាការពារតម្លៃសុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះឲ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាព បដិវត្តន៍ពណ៍នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសង្គមជាតិដែលមាននាសព្វថ្ងៃនេះ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះ គណបក្សឃុំទាំង១៥ឃុំ និងបក្សស្រុកសំរោងទង ក្នុង១ឃុំៗទទួលបានម៉ាស៊ីនភ្លើងមួយគ្រឿង ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង ព្រីនធ័រ១គ្រឿង និងអាយកូម១០គ្រឿង សាលាស្រុកសំរោងទងថវិកា២លានរៀល ប្រគេនជូនវត្តអង្គជ្រៃ បច្ច័យ២០លានរៀល ព្រមទាំងចែកជូនដល់តាជីយាយជី មន្ត្រីក្រុមប្រឹក្សាឃុំស្រុក យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕