(ភ្នំពេញ)៖ នៅសល់ត្រឹមតែ ១ថ្ងៃនេះទៀតប៉ុណ្ណោះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នឹងត្រូវបិទបញ្ចប់ហើយ ពោល គ.ជ.ប នឹងបិទបញ្ចប់ការចុះបញ្ជីនេះ នៅល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨តែម្តង។
ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងការចុះបញ្ជីបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដែលមានរយៈពេល២សប្តាហ៍ បានចាប់ផ្តើមឡើង កាលពីថ្ងៃទី៣០ ខែមេសា រហូតមក ហើយអំឡុងពេលនេះ មានគណបក្សនយោបាយជាច្រើន បានទៅចុះឈ្មោះ និងបំពេញបែបបទផ្សេងៗ។
បើតាមសេចក្តីប្រកាសរបស់គ.ជ.ប, គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សសរុបចំនួន១០ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមានគណបក្សចំនួន៤ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ។ គណបក្ស៤នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សរួបរួមជាតិ។
ក្នុងចំណោមគណបក្សចំនួន១០ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។
បើតាម គ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៧ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពីគ.ជ.បផងដែរ។
ទោះជាយ៉ាងនេះក្តី តាមការសន្និដ្ឋានដោយអ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានគណបក្សនយោបាយច្រើន ពោលគឺច្រើនជាងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ឆ្នាំ២០១៣ ដែលមានគណបក្សនយោបាយតែ៨ប៉ុណ្ណោះចូលរួម៕