(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីរួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា «អគារមិត្តភាពកម្ពុជា-កូរ៉េ» ត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧កន្លងទៅ។ អគារនេះមានកម្ពស់៣ជាន់ បណ្តោយ៦៣ម៉ែត្រ ទទឹង២៦ម៉ែត្រ និងបំពាក់ដោយជណ្តើរយន្ត។
លោករដ្ឋមន្ត្រីបន្តថា ដោយសារតែអគារមានសភាពទ្រុឌទ្រោម ទើបរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់ជំនួយជួសជុល និងកែលម្អសាជាថ្មី ចាប់ពីថ្ងៃទី០១ ខែមេសា ឆាំ្ន២០១៦ ដោយបានកែសម្រួលប្លង់អគារខាងក្រៅ និងបន្ទប់នៅក្នុងអគារ។ ជញ្ជាំងនៅក្នុងអគារនេះធ្វើឡើងវិញអំពីបេតុងអារម៉េ (ជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២) និងសាងសង់បន្ថែម មួយជាន់ទៀត ដំបូលប្រក់ក្បឿង និងបានសាងសង់បន្ថែមអគារថ្មីទំហំ ២២០ម៉ែត្រការ៉េ សម្រាប់ផ្ទុកប្រព័ន្ធភ្លើង ផ្ទុកទឹក និងកន្លែងផលិតខ្យល់អុកស៊ីសែន រៀបចំទីធ្លាជុំវិញអគារដោយចាក់បេតុង និងរៀបចំសួនច្បារសារជាថ្មី។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានអះអាងថា ទាំងការបំពាក់គ្រឿងសង្ហារឹម និងសំភារៈបរិក្ខារពេទ្យថ្មីៗទៀត ការកែលម្អឡើងវិញនេះ ចំណាយថវិកាសរុប ៧,២៨០,០០០ដុល្លារ។ អគារនេះបានបញ្ចប់ការជួសជុល និងកែលំអនាខែតុលា ឆាំ្ន២០១៧ និងបានបើកឲ្យដំណើរការទទួលពិនិត្យព្យាបាលអ្នកជំងឺជាបណ្ដើរៗចាប់តាំងពីដើមឆាំ្ន២០១៨មកម្ល៉េះ។
លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា មន្ទីរពេទ្យកុមារជាតិមានមន្រ្តីរាជការ បុគ្គលិកសរុបចំនួន ៤៨៥នាក់ និងមានគ្រែសរុបចំនួន ៣០០។ អគារដែលកែលម្អសាជាថ្មីនេះអាច បម្រើសេវាដូចជា៖ ពិគ្រោះជំងឺទូទៅ និងឯកទេស, សង្គ្រោះបន្ទាន់, ឱសថស្ថាន, វិទ្យុ និងអេកូសាស្ត្រ, ព្យាបាលជំងឺធ្ងន់ធ្ងរ, ព្យាបាលជំងឺទារក, ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជំងឺក្រពេញ និងជំងឺតម្រងនោម, ព្យាបាលជំងឺលោហិតវិទ្យា និងជំងឺមហារីក។ អគារនេះក៏មានសេវាផ្នែកមន្ទីរពិសោធន៍ទំនើប និងព្យាបាលជំងឺគ្រុនឈាម និងជំងឺឆ្លងផងដែរ។
សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០១៨កន្លងទៅនេះ អគារបម្រើដល់ការព្យាបាលពីរអគារ ដែលមួយអគារស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមួយអគារទៀតស្ថិតនៅ មន្ទីរពេទ្យកាល់ម៉ែត ក៏បានដាក់ឲ្យដំណើរការក្រលមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ការដាក់ឲ្យដំណើរអគារទាំងពីរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកាល់ម៉ែត និងអគារនៅមន្ទីរពេទ្យកុមារជាតិ បានបង្ហាញពីវឌ្ឍនភាពលើវិស័យសុខាភិបាល ហើយក៏ជាការរួមចំណែកផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរផងដែរ៕