(កណ្ដាល)៖ អគ្គិភ័យដែលឆាបឆេះរោងចក្រផលិតក្រដាសជូតមាត់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់១២គ្រឿង ក្នុងនោះមកពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនតេឡា ដែលឈរជើងក្បែរនោះ។
ទោះជាយ៉ាងណា សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបានបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតសម្ភារអស់មួយចំនួនតែប៉ុណ្ណោះ។
ដោយសម្រាប់មូលហេតុវិញ លោកស្នងការមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ព្រោះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងសួរនាំសាក្សី ប៉ុន្ដែលោកគ្រាន់តែបញ្ជាក់ថា ដំបូងឡើងប្រជាពលរដ្ឋឃើញផ្សេងហុយចេញពីឃ្លាំងស្ដុកក្រដាស រួចរត់ទៅប្រាប់សន្ដិសុខ ក៏ឃើញអណ្ដាតភ្លើងចេញមកតែម្ដង៕